កីឡាករ​ល្អ​បំផុត​៥រូប​នៅ​អឺរ៉ុប​កាល​ពី​ខែមុន

ការ​ធ្វើ​ចំណាត់ថ្នាក់​កីឡាករ​បាល់​ទាត់​រូប​ណា​ម្នាក់​ថា​ជា​កីឡាករ​ដែល​ល្អ​បំផុត​គឺ​ជា​រឿង​មួយ​ដ៏​លំបាក​ដោយ​សារ​កីឡា​ប្រភេព​នេះ​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​ការ​សហការ​គ្នា​លេង​ជា​ក្រុម។ ឧទាហរណ៍​ដូច​ជា​កីឡាករ​ Luka Modric ដែល​ឈ្នះ​បាន​ពាន​រង្វាន់​ Ballon d’Or ក្នុង​នាម​ជា​កីឡាករ​បាល់ទាត់​ដែល​ល្អ​បំផុត​​លើ​លោក ប៉ុន្តែ​ Modric មិន​មែន​ជា​កីឡាករ​ដែល​ឆ្នើម​បំផុត​ក្នុងការ​រក​គ្រាប់​បាល់​នៅ​ក្នុង​លោក​នោះ​ទេ។

ជាលទ្ធផល ការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ថា​កីឡាករ​រូបណា​ជា​កីឡាករ​ដែល​ល្អ​បំផុតគឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ។ ការចាត់ទុក​ថា​ល្អបំផុត​គឺ​ក្នុង​ន័យ​ធៀបប៉ុណ្ណោះ គឺ​ជា​បញ្ញត្តិ​មួយ​​ដែល​គាំ​ទ្រ​ដោយ​គំនិត​ជា​ច្រើន​ដែល​គិត​ដូចៗគ្នា។ យ៉ាងណាមិញ ស្ថាប័ន​ឃ្លាំ​មើល​ស្ថិតិ​បាល់ទាត់ CIES បាន​ប្រើ​វិធី​គណនា​របស់គេ​ដើម្បីវាស់​វែង​កំណត់​ថា​កីឡាករ​រូប​ណា​ដែល​ល្អ​បំផុត​ក្នុង​ពិភព​លោក ដែល​ខាង​ក្រោម​នេះ​គឺ​ជា​កីឡាករ​ល្អ​បំផុត​៥រូប​ក្នុង​ពិភព​លោក​ គិត​ចាប់ពី​ខែ​មុន​មក៖

លេខ៥៖ កីឡាករ Nico Elvedi – ៩២,៣ ពិន្ទុ

(ប្រភព​រូបថត៖ ក្លឹប Borussia Monchengladbach)

កីឡាក​រដែល​មាន​វត្តមាន​ដំបូង​គេ​ក្នុង​បញ្ជី​មួយ​នេះ​គឺ​កីឡាករ​ខ្សែការពារ​កណ្ដាល​នៅ​ក្លឹប Borussia Monchengladbach ក្នុង​លីគ​របស់អាល្លឺម៉ង់។ កីឡាករ Nico Elvedi កំពុង​រីករាយ​នឹង​រដូវ​កាល​ប្រកួត​បាល់ទាត់របស់​ខ្លួន​ដែល​​ប្រកប​ដោយ​ជោគ​ជ័យ​ជាមួយ​ក្លឹប Gladbach ហើយ​គេ​បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​ធំៗ​មួយ​ចំនួន​នៅ​អឺរ៉ុប។

ថ្វី​ត្បិត​តែ​រូប​គេ​ទើប​តែ​មាន​វ័យ ២២ឆ្នាំក៏ពិតមែន ប៉ុន្តែ​ការ​យល់​ដឹង​របស់គេ​អំពី​កីឡា​មួយ​នេះ​​គឺ​ប្រៀប​បាន​នឹង​កីឡាករ​ដែល​បាន​ប្រឡូក​ក្នុង​វិស័យ​នេះ​បាន​ ២២ឆ្នាំ​ដូច្នោះ​ដែរ។ គេ​គឺ​ជាកម្លាំង​ជំនួយ​​ដ៏​សំខាន់​មួយ​ដែល​បាន​ជួយ​ជំរុញ​ឲ្យ​ក្លឹ​ប Gladbach ឡើង​ដល់​លំដាប់​ទី៣​ក្នុង​តារាង​លីគ​កំពូល​របស់អាល្លឺម៉ង់។

លេខ៤៖ កីឡាករ Aymeric Laporte – ៩៣ ពិន្ទុ

Manchester City defender Aymeric Laporte

ឈរ​នៅ​លំដាប់ទី៤ គឺ​កីឡាករ​ខ្សែ​ការពារ​វ័យ​ក្មេង​មួយ​រូប​ទៀត​ ដែល​មាន​ឈ្មោះ​ថា Aymeric Laporte។ ខណៈ​ពេល​ដែល​​កីឡាករ​ខ្សែ​បម្រើ​ និង​ខ្សែ​ប្រយុទ្ធ​ល្អៗ​​នៅ​លីគ​កំពូល​អង់គ្លេស​មាន​ប្រភព​មក​ពី​លីគ​កំពូល​របស់​អេស្ប៉ាញ Laporte ប្រហែល​គឺ​ជា​ខ្សែ​ការពារ​ល្អ​បំផុត​​ដែល​មាន​ប្រភព​មក​ពី​អេស្ប៉ាញ​ដែរ។

ក្លឹប Manchester City ជា​ក្លឹប​ដែល​មាន​ប្រព័ន្ធ​ខ្សែការពារ​ល្អ​បំផុត​លំដាប់​ទី២ ក្នុង​លីគ​កំពូល​អង់គ្លេស​ ហើយ​ចំណាត់​ថ្នាក់​មួយ​នេះ​ក៏​ត្រូវ​អរគុណ​ដល់​ទម្រង់​លេង​ដ៏​ល្អ​របស់​អតីត​ខ្សែ​ការពារ​របស់​ក្លឹប Athletic Club Bilbao រូប​នេះ​ផងដែរ។

លេខ៣៖ កីឡាករ Sergio Ramos – ៩៤,៨ ពិន្ទុ

Real Madrid captain Sergio Ramos

ឈរ​នៅ​ចំណាត់ថ្នាក់ទី៣ ក្នុង​បញ្ជី​មួយ​នេះ​គឺ​កីឡាករ Sergio Ramos ​ដែល​ធ្លាប់​រក​បាន​គ្រាប់​បាល់​ហ៊ែតទ្រីគ​។ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​បាន​​ចាប់​ផ្ដើម​រដូវ​កាល​នេះ​មិនសូវ​បាន​ល្អ​នោះទេ ក៏​ជាមូល​ហេតុ​មួយ​ដែល​​ញុំាង​ឲ្យ​ក្លឹប Real Madrid មិន​សូវ​មាន​ជោគ​វាសនា​ល្អ​នៅ​ដើម​រដូវ​កាល។

យ៉ាង​ណា​មិញ​ នាពេល​ឥឡូវនេះ Sergio Ramos ហាក់​ដូច​ជា​​​ធ្វើ​បាន​ទម្រង់​លេង​ល្អ​របស់​ខ្លួន​មក​វិញ​ ​ឧទាហរណ៍​នៅ​ក្នុង​ការ​ប្រកួត​រវាង​ក្លឹប Real Madrid ជាមួយ​ Atletico Madrid ដែល​គេ​រក​បាន​គ្រាប់​បាល់ និង​បាន​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ថែម​ទៀតផង។

លេខ២៖ កីឡាករ Karim Benzema – ៩៥ ពិន្ទុ

karim Real Madrid striker Karim Benzemabenzema

នេះ​មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​ ដែល​កីឡាករ​ល្អ​បំផុត​របស់​ក្លឹប Real Madrid នៅ​ឆ្នាំនេះ​មាន​វត្តមាន​នៅ​ក្នុង​បញ្ជី​កីឡាករ​ល្អ​បំផុត​របស់ CIES មួយ​នេះ។ កីឡាករ Karim Benzema តែង​ត្រូវ​បាន​គេ​រិះ​គន់​ចំពោះ​ទម្រង់​លេង​បែប​ធម្មតាៗ​នៅលើ​ទីលាន​ប្រកួត។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្នុង​រដូវ​កាល​នេះ​ ទម្រង់​លេង​របស់​គេ​ពិត​ជា​គួរ​ឲ្យ​ចង់​ទស្សនា​ណាស់។

គេ​មិន​ត្រឹម​តែ​រក្សា​បាន​ទម្រង់​លេង​ល្អ​ជាប់​ជា​ប្រចាំ​ប៉ុណ្ណោះ​ទេ គេ​ថែម​ទាំង​​កំពុង​ជួយ​ណែនាំ​សិស្ស​ប្អូនវ័យ​ក្មេង​ Vinicius Jr. តាម​លទ្ធ​ភាព​ដែល​គេ​អាច​ធ្វើ​ទៅ​បាន​ថែម​ទៀត​ផង។ បច្ចុប្បន្ន​នេះ​ គេ​គឺ​ជា​មេដឹកនាំ​ផ្នែក​ប្រយុទ្ធ​របស់​ក្លឹប​អធិរាជ​ស។

លេខ១៖ កីឡាករ Luka Modric – ៩៧,៨ ពិន្ទុ

Real Madrid midfielder Luka Modric

កីឡាករ​ទី៣ របស់​ក្លឹប Real Madrid ដែល​មាន​វត្តមាននៅ​ក្នុង​បញ្ជី​នេះ​គឺ​ Luka Modric។ ក្រោយ​ពេល​បញ្ចប់​តួនាទី​របស់​ខ្លួន​បាន​យ៉ាង​ល្អ​នៅ​ក្នុង​ការ​ប្រកួត​វើល​ខាប់ Modric មិន​សូវ​មាន​ទម្រង់​លេង​ល្អ​ប៉ុន្មាន​ទេ ដែល​ប្រការ​នេះ​ក៏​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​លទ្ធផល​របស់​ក្លឹប Real Madrid ដែរ។

កីឡាករ​សញ្ជាតិ​ក្រូអាត​រូប​នេះ​ ប្រៀប​ដូច​ជា​ម៉ាស៊ីន​របស់​ប្រព័ន្ធ​មួយ​នេះ​ដូច្នោះ​ដែរ ជា​ផ្នែក​មួយ​ដែល​ជំរុញ​ឲ្យ​ក្រុម​ទាំង​មូល​ដំណើរការ​ ទើប​ការ​ធ្លាក់​ចុះ​ប្រព័ន្ធ​លេង​របស់គេ​ មាន​ចំណែក​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ក្រុម​ទាំង​មូល។​ យ៉ាង​ណា​មិញ ចាប់​តាំង​ពី​ដើមឆ្នាំ​២០១៩ មក គេ​ហាក់​ដូច​ជា​បាន​ចាប់​ផ្ដើម​ស្ទុះ​ឡើង​មក​វិញ​ ដែល​ជា​​ឥទ្ធិ​ពល​មួយ​ដ៏​ល្អ​ចំពោះ​ក្លឹប​របស់គេ៕

 

ពិនិត្យ​មើល​ទិន្នន័យ​លទ្ធផល​ ATLETICO MADRID ១-៣ REAL MADRID

មតិយោបល់