ស្រលាញ់ Spurs ១៩​ឆ្នាំ​ លោក សុខរិយ សុខ​ចិត្ត​ចំណាយ​ជាង ១​ម៉ឺន​ដុល្លារ​ទៅ​ទស្សនា​ផ្ទាល់​

ដោយក្តីស្រលាញ់ និងដើម្បីបំពេញក្តីស្រម៉ៃ លោក សៅ សុខរិយ ដែលជាអ្នកគាំទ្រក្លឹបមាន់ខ្នាយមាស Tottenham Hotspur រយៈពេល ១៩ឆ្នាំមកហើយ បានជិះយន្តហោះប្រមាណ ១ម៉ឺនគីឡូម៉ែត្រ ពីប្រទេសកម្ពុជា ដើម្បីតែទៅទស្សនាការប្រកួតដោយផ្ទាល់រវាងរបស់ក្រុម Tottenham ជាមួយ Newcastle United កាលពីចុងសប្តាហ៍កន្លងទៅ។

ប្រាប់ Fox Sports ជាខេមរភាសា ពីប្រទេសអង់គ្លេសមក លោកសុខរិយ បានឲ្យដឹងថា ការមកដល់អង់គ្លេស ដើម្បីបំពេញក្តីស្រម៉ៃជាយូររបស់លោកនេះ មិនមែនជារឿយងាយនោះទេ។ មិនងាយព្រោះថា លោកត្រូវព្យាយាមសន្សំប្រាក់កាស បូករួមទាំងនីតិវិធីស្នើសុំទិដ្ឋាការ (Visa) នានា ដែលមានការស្មុកស្មាញបន្តិច។ យ៉ាងណា លោកសុរិយ បាននិយាយពីសំណាងរបស់លោក ដែលមានបងប្រុសបង្អើត ជួយ​ចាត់​ចែង​រៀបចំ​ដំណើរ​កម្សាន្ត្រនេះ ទើបលោកអាចមានឱកាស ដើម្បីអាចមកទស្សនាការប្រកួតបាន។


លោកសុខរិយ បានបញ្ជាក់ថា លោកកំណត់គោលដៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស និងក្រុម Tottenham ជាចម្បងក្នុងការមកទស្សនា ប៉ុន្តែអំឡុងពេលមកអឺរុបនេះ លោកក៏បានទៅកម្សាន្តនៅប្រទេសបារាំង និងប្រទេសអេស្ប៉ាញ រយៈពេលសរុប ១២ថ្ងៃ​ផងដែរ។ លោកសុខរិយ បានឲ្យដឹងបន្ថែម​ថា លោកចំណាយទឹកប្រាក់ផ្ទាល់ខ្លួនប្រមាណ ១ម៉ឺនដុល្លារ សម្រាប់ការធ្វើដំណើរ ស្នាក់នៅ និងទិញសំបុត្រ អំឡុងពេលទស្សនាការប្រកួតនោះ។

នៅពេលសួរពីអារម្មណ៍វិញ​ លោក សៅ សុខរិយ ស្ទើរតែមិនជឿខ្លួនឯងថាលោកអាចសម្រេចក្តីស្រម៉ៃនេះបាន ប៉ុន្តែលោកបញ្ជាក់ថា លោកពិតជារីករាយខ្លាំងណាស់ នៅពេលអាចឃើញកីឡាករ Spurs សំណព្វចិត្តរបស់លោកដោយផ្ទាល់ ទោះបីជាលោ​ក​ត្រជាក់​ខ្លាំង ដោយសារតែអាកាសធាតុ​នៅកីឡដ្ឋាន នាពេលនោះ គឺ -២អង្សារក៏ដោយ។ លោកពេញចិត្តការប្រកួត ហើយក៏កាន់តែរំភើប នៅពេលដែលលោកមកទស្សនា ក្រុម Tottenham បានប្រកួតឈ្នះ Newcastle ក្នុងកីឡដ្ឋាន Wembley ដោយលទ្ធផល ១ទល់នឹង០។

ខាងក្រោមនេះ គឺជារូបភាពសកម្មភាពរបស់លោក សុខរិយ នៅហាងទំនិញរបស់ក្រុម Tottenham និងនៅកីឡដ្ឋានរបស់ Spurs៖

មតិយោបល់