ក្លឹប Real Madrid ត្រៀម​១០០លាន​ផោន​ដើម្បី​ទិញ​​កីឡាករ​ម្នាក់​ពី​ព្រី​មៀរ​លីគ

ក្លឹប Real Madrid ចង់​​ទិញ​យក​កីឡាករ​ម្នាក់​របស់​ក្លឹប Tottenham គឺ​កីឡាករ​សញ្ជាតិ​ដាណឺម៉ាក​ Christian Eriksen ក្នុ​ង​រដូវ​ក្ដៅ​ ខណៈ​ដែល​លោក​ Florentino Perez ចង់​ពង្រឹង​​ក្រុម​មួយ​នេះ​ឡើង​វិញ។

សារព័ត៌​មាន​ The Independent បាន​​ធ្វើ​សេច​ក្ដី​រាយ​ការណ៍​ថា​​ភាគី​ក្លឹប​ និង​កីឡាករ​រូប​នេះ​កំពុង​ចរចា​គ្នា​ដើម្បី​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​​​​មួយ​ ខណៈ​ដែល​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ​បាន​ត្រៀម​​តម្លៃ​ផ្ទេរ​រហូត​ដល់​​ ១០០លាន​ផោន។

កីឡាករ Eriksen ដែល​មាន​វ័យ ២៦ឆ្នាំ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ចំណែក​មួយ​ដ៏​សំខាន់​របស់​ក្លឹប Spurs ដោយ​បាន​រួម​ចំណែក​រក​គ្រាប់​បាល់​បាន​ ៦គ្រាប់ បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន ៩គ្រាប់ ក្នុ​ងការ​បង្ហាញ​ខ្លួន​ចូល​ប្រកួត​ ២៥លើក​ឲ្យ​ក្លឹប Spurs ក្នុ​ងរដូវ​កាល​នេះ។ យ៉ាង​ណា​មិញ កុង​ត្រា​របស់​គេ​មាន​សុពល​ភាពរហូត​ដល់​​ឆ្នាំ​២០២០ ហើយ​ក្លឹប Real Madrid យល់​ឃើញ​ថា​អាច​បញ្ចុះ​បញ្ចូល​​ប្រធាន​ក្លឹប​ Spurs គឺ​លោក Daniel Levy ឲ្យ​ព្រម​លក់​កីឡាករ​រូ​បនេះ​ក្នុង​រដូវ​ក្ដៅ​​​ឲ្យ​តែ​អាច​ព្រម​ព្រៀង​គ្នា​ចំពោះ​​តម្លៃ​ផ្ទេរ​មួយ។

យ៉ាង​ណា​មិញ មាន​សេច​ក្ដី​រាយ​ការណ៍​ថាក្លឹប Spurs បាន​ត្រៀម​កុង​ត្រា​ថ្មី​ដែល​មាន​តម្លៃ​ពល​កម្ម​ប្រហែល​​ពី ២០០ ០០០ផោន ទៅ ២៥០ ០០០ផោន​​ក្នុ​ងមួយ​សប្ដាហ៍​ដើម្បី​ចង​ជើង​កីឡាករ​​រូប​នេះ បើ​គេ​ព្រម​នៅ​លេង​បន្ត​។

​យោង​ប្រភព​​ដែល​ស្និទ្ធ​ជាមួយ​ Eriksen បាន​អះ​អាង​ថា គេ​ពេញ​ចិត្ត​នឹង​លេង​នៅ​ក្លឹប​ Spurs ហើយ​គេ​អាច​នឹង​សម្រេច​ចិត្ត​ផ្ទេរ​ទៅ​ក្លឹប Real Madrid ឬ Barcelona ដោយ​សារ​មូល​ហេតុ​​ដែល​ពាក់​ព័ន្ធ​នឹង​​ការ​លេង​បាល់​ទាត់​ប៉ុណ្ណោះ។ មាន​គេ​ជឿ​ថា​​កីឡាករ​រូប​នេះ​ចង់​លេង​នៅ​ក្លឹប​​ដែល​អាច​ឈ្នះ​ពាន​រង្វាន់​កំពូលៗ​របស់​អឺរ៉ុប​ពេល​ដែល​គេ​នៅ​ពេញ​កម្លាំង​ ហើយ​ថា​ប្រសិន​បើ​គេ​សម្រេច​ចិត្ត​ចាក​ចេញ​ពី Spurs គឺ​មិន​មែន​ដោយ​សារ​មូល​ហេតុហិរញ្ញ​វត្ថុ​​នោះ​ទេ។

​យោង​សេចក្ដី​រាយការណ៍​ខាង​លើ ក្លឹប Real Madrid ហ៊ាន​​ប្ដូរ​កីឡាករ​ Isco ដើម្បី​ទិញ​ឲ្យ​បាន​​កីឡាករ​ខ្សែ​បម្រើ​​សញ្ជាតិ​​ដាណឺ​ម៉ាក​រូប​នេះ ប្រសិន​បើ​ Spurs ចាប់អារម្មណ៍​ចង់​បាន​ Isco។

ប្រសិន​បើ​ក្លឹបយក្ស​អេស្ប៉ាញ​ Real Madrid អាច​ទិញ​បាន​កីឡាករ​ដែល​គេ​ចង់​បាន​​នេះ​ពិត​មែន​ គេ​ក៏អាច​នឹង​បញ្ចប់​ការ​តាម​ប្រម៉ាញ់​យក​កីឡាករ Eden Hazard របស់ក្លឹប Chelsea ដែរ៕

 

 

មតិយោបល់