លោក Julian Nagelsmann ថាធ្លាប់​បដិសេធ​សំណើរ​របស់ Real Madrid

RB Leipzig head coach Julian Nagelsmann

លោក Julian Nagelsmann ដែលជាអ្នក​ចាត់ការ​ក្លឹប RB Leipzig បាន​លើក​ឡើង​ថា​លោក​ធ្លាប់ទទួល​ទូរស័ព្ទ​ពី​ក្លឹប Real Madrid ដើម្បីឱ្យ​លោក​ធ្វើជាអ្នកចាត់ការ​នៅ​ក្លឹប​នេះ តាំងពីពេលដែល​លោក​នៅ​ដឹកនាំ​ក្លឹប Hoffenheim ម្ល៉េះ ប៉ុន្តែលោក​បានបដិសេធ។

អ្នក​ចាត់ការ​ដែល​មានវ័យ ៣២ឆ្នាំ​រូបនេះ​បាន​និយាយ​ប្រាប់សារព័ត៌​មាន Independent ថា​នាយក​ផ្នែក​កីឡា​របស់​ក្លឹប Real Madrid គឺលោក Jose Angel Sanchez កាលពីឆ្នាំ២០១៨ ពេល​ដែល​ក្លឹប​កំពុង​រក​អ្នកដឹក​នាំ​បន្ត​ពី​​លោក Zinedine Zidane។

អ្នក​ស្នង​បន្ត​តួនាទី​នោះ​គឺ​លោក Julen Lopetegui ដែល​ការ​តែងតាំង​នេះ​បង្ក​ជាភាព​ចម្រូង​ចម្រាស់ ញ៉ាំង​ឱ្យ​គាត់​ត្រូវ​បាន​ដក​តួនាទី​ជា​អ្នក​ចាត់ការ​ក្រុម​ជម្រើសជាតិ​អេស្ប៉ាញ។

លោក Lopetegui និង​លោក​ Santiago Solari កាន់តួ​នាទី​នេះ​មិនបានយូរទេ ដែល​ក្រោយ​មក​លោក​ Zidane បាន​វិល​មក​កាន់តួនាទី​នេះ​ជាលើកទី២។

តួនាទី​ដ៏សំខាន់​មួយនេះអាចជា​របស់​លោក Nagelsmann ប៉ុន្តែអ្នកចាត់ការ​វ័យ​ក្មេង​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​គិត​ថា​ឆាប់​ពេក​ហើយ​សម្រាប់អាជីព​ជាអ្នក​ចាត់ការ​របស់គាត់។

គាត់បាន​សម្រេចចិត្ត​បន្ត​ដឹកនាំ​នៅ​ក្លឹប Hoffenheim មុន​នឹង​ប្ដូរ​មក​ក្លឹប Leipzig កាលពីឆ្នាំមុន។

លោក Nagelsmann បាន​និយាយថា៖ “ជារឿងធម្មតាទេ បើអ្នកទទួលបានទូរស័ព្ទ​របស់​ក្លឹប Real Madrid អ្នក​នឹង​គិត​អំពី​រឿងនេះ។ ដំបូងខ្ញុំ​ភ្ញាក់ផ្អើល ខ្ញុំ​បានគិត​ពិចារណា ហើយ​ខ្ញុំ​មានអារម្មណ៍​មិន​ស្រណុកចិត្ត​នឹង​ការ​ទៅ​ដឹក​នាំ​ក្លឹប​នេះនោះទេ។ ខ្ញុំ​ចង់រីកចម្រើន។ បើទៅដឹកនាំ​ក្លឹប Real Madrid ខ្ញុំ​មិនមានឱកាស​រីកចម្រើន​ក្នុង​តួនាទី​ជា​អ្នក​ដឹកនាំ​នោះទេ”។

“ខ្ញុំ​នឹង​មិនមាន​ឱកាស​ក្លាយជាអ្នក​ចាត់ការ​ដែល​ល្អជាងមុន​នោះទេ ខ្ញុំ​ចាំបាច់ត្រូវតែជាអ្នកចាត់ការ​ដែល​ល្អ​បំផុត។ ពេលនេះ​​ ខ្ញុំ​នៅ​មិនទាន់​ជាអ្នកចាត់ការ​ដែល​ល្អបំផុត​នោះទេ ប៉ុន្តែខ្ញុំ​ទទួល​ស្គាល់​ថា​ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​ចាត់ការ​ដែល​ល្អ​បំផុត​នៅ​ពេល​អនាគត។ នៅ Real Madrid ឬ Barcelona អ្នកគាំទ្រ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​រដ្ឋ​បាល​ក្លឹប​នឹង​មិន​ផ្ដល់ឱកាស​ឱ្យ​ខ្ញុំ​រីកចម្រើន​ទៅជា​អ្នកចាត់ការ​ដែល​ល្អបំផុត​នោះទេ”។

“ពួកគេ​ចង់បានតែជ័យជម្នះ ពាន​រង្វាន់ តំណែងជើងឯកឆេម​ពានស៍​លីគ​ ប៉ុណ្ណោះ។ បើអ្នក​មិន​អាច​ដឹកនាំ​ក្លឹប​ឱ្យ​ឈ្នះទេ អ្នក​មិនអាច​និយាយថា ខ្ញុំ​នៅ​ក្មេង​នៅឡើយ ខ្ញុំ​អាចរីក​ចម្រើន​បន្ត​ទៀត​នោះទេ”។ ក្នុងវិស័យ​កីឡា​បាល់​ទាត់ យើង​មិនងាយស្រួល​នឹង​ធ្វើផែនការ​សម្រាប់អាជីព​របស់​យើង​នោះទេ ព្រោះ​អនាគត​ពិបាក​នឹង​ស្មាន​ត្រូវ ប៉ុន្តែ​ខ្ញុំ​ត្រូវតែព្យាយាម”។

“រឿង​សំខាន់​ដែល​ត្រូវធ្វើ​គឺឈានជំហាន​ឱ្យ​បានត្រឹមត្រូវ មិន​មែន​ឈានជំហាន​ដែល​ធំ​បំផុត​នោះទេ។ Real Madrid អាចជាជំហាន​មួយ​ធំបំផុត ហេតុនេះ​ខ្ញុំបានគិតថា នៅអាយុ ៣១ឆ្នាំ ខ្ញុំ​ទៅដឹកនាំ​ក្លឹប Real Madrid ចុះ​បន្ទាប់មក​ ខ្ញុំ​ទៅណាទៀត?”

គាត់បាន​លើក​ឡើងថាភាសា​ក៏អាចជាបញ្ហា​ដែរ ព្រោះគាត់មិនចេះនិយាយ​ភាសាអេស្ប៉ាញ​នោះទេ។

យ៉ាងណាមិញ គាត់បានចាប់យក​ឱកាស​ដឹកនាំ​ក្លឹប Leipzig៕

 

លោក Guardiola ថា​កុងត្រា​ជិត​ផុត​កំណត់​របស់​គាត់​មិន​ប៉ះ​ពាល់​ដល់​ឥទ្ធិពល​របស់ Man City ក្នុងទីផ្សារដោះ​ដូរ​កីឡាករ​នោះទេ

មតិយោបល់