Manchester City ត្រូវ UEFA ពិន័យ​ផ្អាក​ប្រកួត UCL ២រដូវកាល

ស្ថាប័ន UEFA បាន​សម្រេច​ដាក់ពិន័យ​ហាមឃាត់ក្លឹប Manchester City ចូលរួម​ប្រកួត​ឆេម​ពានស៍​លីគ​​ក្នុង​រដូវកាល​២០២០-២០២១ និង២០២១-២០២២ ដោយ​សារ​ល្មើស​គោលការណ៍​ Financial Fair Play។

បន្ថែមលើនេះ Man City ត្រូវបង់ប្រាក់ពិន័យ ៣០លានអឺរ៉ូ​ផងដែរ ដែល​ក្លឹប​នេះ​មានគម្រោង​បន្ត​ការ​តវ៉ា​របស់​ខ្លួន​ទៅ​តុលាការកីឡា Court of Arbitration for Sport បន្តទៀត។

ក្រោយ​ធ្វើការ​ស៊ើបអង្កេត​អស់រយៈ​ពេល​ដ៏យូរ ស្ថាប័ន Adjudicatory Chamber of UEFA’s Club Financial Control Body (CFCB) រកឃើញថាក្លឹប Man City មានកំហុសពីបទ “បំផ្លើស​ព័ត៌មាន​ប្រាក់ចំណូល​ពីការឧបត្ថម្ភ​នៅ​ក្នុងគណនី​របស់ខ្លួន​ និងនៅ​ក្នុង​ព័ត៌មានពីការរួចដើម​រវាងចំណូល និងចំណាយ ដែល​បាន​រាយការណ៍​ទៅ​ស្ថាប័ន UEFA ចន្លោះឆ្នាំ២០១២ និង២០១៦”។

មូលហេតុ​ដែល​ញ៉ាំងឱ្យ​មានការស៊ើបអង្កេត​ទៅលើ​កិច្ចការ​ហិរញ្ញវត្ថុ​របស់​ក្លឹប​ Man City គឺដោយ​សារ​មាន​ការ​ចោទ​ប្រកាន់​មួយ​ចំនួន​ពីសំណាក់​ទស្សនាវដ្ដី​អាល្លឺម៉ង់​ឈ្មោះ Der Spiegel កាលពីខែវិច្ចិកា ឆ្នាំ២០១៨ ផ្អែកលើ​ឯកសារ​មួយ​ចំនួន​​របស់​ស្ថាប័ន Football Leaks។

ចាប់តាំងពីមានការចោទប្រកាន់ និង​ក្នុងដំណើរការស៊ើប​អង្កេត​កន្លង​មក ​ក្លឹប Man City បាន​បដិសេធ​ការ​ចោទ​ប្រកាន់នេះជាប់ជានិច្ច ហើយ​បាន​លើក​ឡើង​ពី​ចេតនា​បន្ត​ការ​តវ៉ា​ ហើយ​បាន​ចោទ​ប្រកាន់​តបទៅស្ថាប័ន​ UEFA វិញ​ថា​ខ្វះ​ភាព​មិន​លម្អៀង​ នៅ​ក្នុង​សេចក្ដីថ្លែងការ​របស់ក្លឹប​ដែល​មានអត្ថន័យ​ធ្ងន់ៗ ដូចខាងក្រោម៖

“Manchester City មានការអាក់អន់ចិត្ត ប៉ុន្តែ​មិន​ភ្ញាក់ផ្អើល​ទេ ចំពោះ​សេចក្ដី​ប្រកាសដែល​ចេញផ្សាយ​ដោយ​គណៈ​កម្មការកាត់សេចក្ដី​របស់​ស្ថាប័ន UEFA នៅថ្ងៃនេះ”។

“ក្លឹប​តែង​គិត​ពីតម្រូវការ​ដែលត្រូវ​ស្វែងរក​ស្ថាប័ន​ និង​ដំណើរការ​មួយ ​ដែលនឹង​ពិចារណា​ដោយ​​មិន​លម្អៀង ចំពោះ​ភស្ថុតាង​មិន​អាចបដិសេធ​បាន​ ដែល​គាំទ្រ​គោល​ជំហរ​របស់ក្លឹប”។

“និយាយ​ឱ្យងាយយល់ នេះជារឿងក្ដី​ដែល​ផ្ដួចផ្ដើមដោយ UEFA កាត់សេចក្ដីដោយ UEFA ហើយសម្រេចទោស​ក៏​ដោយ UEFA ដែរ។ ដោយ​សារដំណើរការ​ដែលញ៉ាំង​ឱ្យ​ប៉ះ​ពាល់​ប្រយោជន៍​មួយ​នេះ​បាន​បញ្ចប់​ហើយ ក្លឹប​នឹង​ស្វែងរក​ការ​កាត់សេចក្ដី​ដែល​មិន​លម្អៀង​ឱ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាចធ្វើបាន និង​ចាប់ផ្ដើម​ដំណើរ​ការ​នេះ​ជាមួយ​ស្ថាប័ន Court of Arbitration for Sport ឱ្យ​បានឆាប់បំផុត”។

សេចក្ដី​ថ្លែងការ​ណ៍​របស់​ក្លឹប Man City លើក​នេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​សេចក្ដីថ្លែងការណ៍​ដែល​ពួកគេ​បាន​សម្ដៅ​លើគណៈកម្មការ​កាត់សេចក្ដី​របស់ស្ថាប័ន CFCB កាលពីខែឧសភា ឆ្នាំមុន​ ដោយ​ចោទប្រកាន់​លោក​ Yves Leterme ដែលជាអតីត​​នាយក​រដ្ឋ​មន្ត្រី​ប៊ែល​ហ្ស៊ិក​ និង​ជាប្រធានផ្នែក​ស៊ើប​អង្កេត​របស់ស្ថាប័ន UEFA។

បណ្ដឹងតវ៉ាបន្ត​របស់ក្លឹប Man City ត្រូវបាន​ច្រាន​ចោល​ដោយស្ថាប័ន CAS កាលពីខែវិច្ឆិកា​ ឆ្នាំ​មុន​ ព្រោះ​នៅ​ដំណាក់​កាល​នោះ CFCB នៅ​មិនទាន់​បាន​កំណត់​ទំហំ​នៃការពិន័យ​នៅ​ឡើយ។

CAS បាន​ចេញ​ផ្សាយ​សេចក្ដី​លម្អិត​នៃបណ្ដឹងតវ៉ា​​របស់​ Man City ក្នុង​សប្ដាហ៍​នេះ ដែល​ក្លឹប​បាន​ទាមទារ​សំណង​ការ​ខូចខាត​ពី UEFA ចំពោះអ្វី​ដែលពួកគេយល់​ថា​ជាការ​បែក​ធ្លាយ​មិនស្របច្បាប់​ទៅ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ជាការ​ចោទ​ប្រកាន់​មួយ​ដែល​លោក Leterme ជឿជាក់​ថា​មិន​មាន​មូល​ដ្ឋាន​ច្បាស់​លាស់ និង​មិន​អាច​ទទួល​យក​បាន។

ក្លឹប Man City បានឈ្នះពាន​ទាំងអស់​នៅ​អង់គ្លេស​​កាលពីរដូវកាល​មុន​។ យ៉ាងណាមិញ ក្លឹប​នេះ​មិន​សូវ​ទទួល​បាន​ជោគ​ជ័យ​ក្នុងការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់អឺរ៉ុប​នោះទេ។ សេចក្ដី​សម្រេច​របស់​ UEFA នេះ បានញ៉ាំង​ឱ្យ​ការ​ប្រកួត​វគ្គ ១៦ក្រុម​ចុងក្រោយ​ ជាមួយ​ Real Madrid កាន់តែសំខាន់​ចំពោះ Man City ជាង​មុន​ទៅ​ទៀត៕

 

លោក Guardiola ថា​កុងត្រា​ជិត​ផុត​កំណត់​របស់​គាត់​មិន​ប៉ះ​ពាល់​ដល់​ឥទ្ធិពល​របស់ Man City ក្នុងទីផ្សារដោះ​ដូរ​កីឡាករ​នោះទេ

 

មតិយោបល់