Philippe Coutinho ​ប្រាប់​ពីអារម្មណ៍​​ពេល​ចាកចេញ​ពី Liverpool ទៅ Barcelona

កីឡាករ​ខ្សែបម្រើ Philippe Coutinho បានបង្ហើបប្រាប់ថា​​គេ​មិន​ស្ដាយ​ក្រោយ​នោះទេ ដែលបានសម្រេច​​ចិត្ត​ចាក​ចេញ​ពី​ក្លឹប​ Liverpool។ បច្ចុប្បន្ន​ កីឡាករ​ជម្រើសជាតិ​ប្រេស៊ីល​រូបនេះ​កំពុង​លេង​ក្នុងកុងត្រា​ខ្ចីជើង​​មួយ​រដូវកាល​នៅ​ក្លឹប​ Bayern Munich និងមានជម្រើសអាច​ទិញ​ដាច់ជាអចិន្ត្រៃយ៍​ ដោយ​ចំណាយ​តម្លៃ​ផ្ទេរ ១២០លាន​អឺរ៉ូ​ក្នុង​រដូវក្ដៅ​នេះ។

Coutinho បាន​ចាក​ចេញ​ពី​ក្លឹប Liverpool ក្នុងខែមករា ឆ្នាំ២០១៨ ហើយ​បាន​ចូលរួម​ជាមួយ​ក្លឹបយក្ស​កាតាឡង់​ក្នុង​តម្លៃ​ផ្ទេរ ១៤៥លានអឺរ៉ូ។

យ៉ាងណាមិញ កីឡាករ​ដែល​មានវ័យ ២៧ឆ្នាំ​រូបនេះ​ ជួបការលំបាក​ក្នុងការ​សម្រប​នឹង​ជីវិត​​នៅ​ Barcelona ញ៉ាំង​ឱ្យ​គេចាកចេញ​ពីទឹកដី Camp Nou ក្រោយ​ចំណាយ​ពេល​លេង​បាន ១៨ខែ។

ពេល​ផ្ដល់​បទ​សម្ភាសន៍​​ឱ្យ​សារព័ត៌មាន Sports Illustrated (យោងតាមសារព័ត៌មាន Sky Sports) Coutinho បានប្រាប់ថា​គេ​មិន​ស្ដាយ​ក្រោយ​ទេ​ដែល​បាន​ចាក​ចេញ​ពី​ក្លឹប Liverpool។

គេ​បាន​និយាយថា៖ “ខ្ញុំ​មិន​ងាក​មើល​ក្រោយ​ឡើយ។ ខ្ញុំ​បាន​ជ្រើស​យក​ផ្លូវ​មួយ​ផ្សេងទៀត ពេល​នេះ​ខ្ញុំ​កំពុង​ដើរ​ឡើង​ដំណើរ​ផ្លូវ​មួយ​ផ្សេង ដូច​កីឡាករ​ផ្សេងៗ​ទៀតដែរ។ ដូចពួកគេ​ដែរ​​ ខ្ញុំ​ផ្ដោត​អារម្មណ៍ទាំងស្រុង​លើ​ការ​សម្រេចក្ដី​សុបិន​របស់ខ្ញុំ។ ខ្ញុំ​រីករាយ​នឹង​អ្វី​​ដែល​ខ្ញុំ​បាន​ធ្វើ​កាលពីអតីតកាល​ ហើយឥឡូវនេះ​ខ្ញុំ​មាន​តែសំឡឹង​​ឆ្ពោះ​ទៅ​មុខ​ប៉ុណ្ណោះ”។

ពេល​និយាយ​ដល់​ជោគ​ជ័យ​របស់​ Liverpool នា​ពេល​បច្ចុប្បន្ន​នេះ Coutinho មិន​ភ្ញាក់​ផ្អើលទេ ដែលឃើញ​ក្លឹប​គេ​ធ្លាប់​លេង​ ៤រដូវកាល​ ទទួល​បានជោគជ័យធំធេង​ដូចនេះ។ គេ​បាន​និយាយ​ថា៖ “ហង្សក្រហម​កំពុង​ហោះ​ហើរ​ ហើយ​ខ្ញុំ​មិនភ្ញាក់ផ្អើល​ទេ។ យើង​បានឃើញ​ពួកគេ​កាលពីឆ្នាំមុន​រួចហើយ ពេល​ដែលពួកគេ​ក្លាយជាម្ចាស់ជើង​ឯក​ឆេម​ពានស៍​លីគ​។ ខ្ញុំ​មិន​ភ្ញាក់​ផ្អើល​ក៏​ដោយសារ​ពួកគេ​មាន​កីឡាករ​ឆ្នើមៗ និង​មាន​អ្នកចាត់ការពូកែ។ ខ្ញុំ​រីក​រាយ​ជំនួស​ពួកគេ​ណាស់ ព្រោះ​ខ្ញុំ​មាន​មិត្តភក្ដិ​ច្រើន​នៅ Liverpool គឺជាអតីត​មិត្តរួមក្រុម​របស់ខ្ញុំ ដូច្នេះ​ហើយទើប​ខ្ញុំ​រីករាយ​ជំនួស​ពួកគេ មាន​តែប៉ុណ្នឹងទេ”៕

 

លោក Favre និយាយ​ពី​បរាជ័យ​ពេល​ប្រកួតជាមួយ​ក្លឹប Leverkusen

មតិយោបល់