ប្រធានក្លឹប Dortmund ប្រាប់ហេតុផលពិតដែលគេអាចដណ្តើមយក Erling Haaland ពី​ Man Utd

Borussia Dortmund Chief reveals how they beat Manchester United to Erling Haaland signing

បន្ទាប់ពី Erling Braut Haaland បានបញ្ចេញ​ថ្វីជើងយ៉ាងគួរឲ្យចាប់អារម្មណ៍បំផុត នៅ Borrusia Dortmund ប្រហែលជាអ្នក​គាំទ្រ Manchester United មិន​តិចទេ ដែលសោកស្តាយ​ដែល Man Utd មិនព្រមអាចទិញ​កីឡាករវ័យក្មេងម្នាក់នេះឲ្យបាន!

ស្រប​ពេលដែល​អ្នក​គាំទ្រ Man Utd ដូចជា​កំពុងមានចិត្ត​នឹក​ស្តាយ ស្រាប់តែប្រធានក្លឹប Borrusia Dortmund លោក Michael Zorc បាន​ចេញ​មក​ប្រាប់​ហេតុផល​ដែល​ធ្វើឲ្យ​ក្លឹប​អាល្លឺម៉ង់មួយនេះ អាចប្រជែង​ Man Utd យក Haaland ក្នុងតម្លៃផ្ទេរប្រមាណតែ ២០លានប៉ុណ្ណោះ។

ប្រាប់ទៅកាន់សារព័ត៌មាន Sport Bild លោក Zorc បាន​បង្ហើប​ថា ពេលលោក​ជួប Haaland ដំបូង គឺលោក​បាន​បង្ហាញវីដេអូ ពីភាពល្បីល្បាញនៃ «ជញ្ជាំងលឿង» (Yello Wall) ដ៏ល្បីល្បាញ​របស់ Dortmund។ ហើយ​លោក​សង្កេតឃើញថា Haaland ដូចជាពេញចិត្ត​ខ្លាំងណាស់។

លោក Zorc បាន​បន្តថា៖ «ដើម្បី​ឈាន​ដល់​ការចុះកុងត្រា​ជាមួយ Erling គឺគ្មានអ្វីអាថ៌កំបាំងដែលយើងត្រូវទទួលស្គាល់ទេថា យើងពិតជាបានប្រឹងប្រែងដើម្បីប្រជែងយកគេ។ ខ្ញុំ​ចូលចិត្ត​ក្មេងម្នាក់នេះ (ពេលខ្ញុំនិយាយជាមួយភ្នាក់ងារ Haaland គឺលោក Mino Raiola កាលពីបុណ្យគ្រិស្មាស់)។ ខ្ញុំ​បាន​និយាយ​ច្រើន ពីភាពរឹងមាំ គុណតម្លៃនៃការប្រឹងប្រែង បច្ចេកទេសល្អៗ និង​ល្បឿន​ ដែលបង្ហាញថា Erling គឺជាមនុស្សពិសេស។ ក្នុង​ការសន្ទនាដំបូងរបស់ពួកយើង គឺមានបរិយាកាសវិជ្ជមាន​រួចទៅហើយ ហើយ​យើងទាំង ២មានអារម្មណ៍ល្អ។ ពេលនេះ គឺបង្ហាញអារម្មណ៍មកថា Erling និង BVB ពិតជាត្រូវគ្នា ១០០ភាគរយ»។

លោក Zorc បានបន្ថែម៖ «គេមានអត្តចរិតពុះកញ្ច្រោល​ខ្លាំង ដែលសក្តិសម​នឹងមក Borrusia Dortmund សក្តិសមសម្រាប់កីឡដ្ឋានរបស់​យើង និងអ្នក​គាំទ្រ​របស់យើង។ ទាំងនេះ គឺជាអ្វីដែល​ក្លឹប​យើង​មាន ហើយក៏ជាអ្វីដែល Erling កំពុងស្វែងរក​ផងដែរ។ វាហាក់ដូចបរិយាកាស​នៅទីនេះ ជាអ្វីដែលជម្រុញចិត្តគាត់»។

លោក Favre និយាយពីគោលការណ៍​របស់គាត់ចំពោះ Haaland

សូម​ជម្រាបជូនថា គ្រាន់តែ​បានចូលលេងក្នុងការប្រកួតរបស់ Dortmund ចំនួន ៤ប្រកួត កីឡាករវ័យ ១៩ឆ្នាំនេះ អាចស៊ុតបញ្ចូលទីបាន ៨គ្រាប់ ក្នុងការស៊ុតតែ ៨ដងចំគោលដៅ ដែល​ធ្វើឲ្យគេ​លេចមុខលើ​ស្ទើរគ្រប់ទំព័រមុខនៃសារព័ត៌មានអាល្លឺម៉ង់ រៀងរាល់សប្តាហ៍៕

មតិយោបល់