អ្នក​គាំទ្រ​ថៃ យក​ឈ្នះបេះដូង​ពិភពលោក​ទោះប្រកួត​ចាញ់អូស្ត្រាលី នៅ AFC U23 ឆ្នាំ ២០២០

Thailand

ទោះបី​ជាថៃ ដែល​ជាម្ចាស់​ផ្ទះ ក្នុង​ការប្រកួត AFC U23 Championship បាន​ប្រកួត​ចាញ់អូស្ត្រាលី នៅវគ្គក្នុងពូល ដោយលទ្ធផល ១ទល់នឹង២ កាលពីថ្ងៃសៅរ៍ ប៉ុន្តែអ្នក​គាំទ្រ​ថៃ បានយក​ឈ្នះ​បេះដូងអ្នក​គាំទ្រ​បាល់ទាត់​ស្ទើរតែទូទាំងពិភពលោក ជាពិសេសគឺអ្នក​គាំទ្រ​អូស្ត្រាលី។

ការយ​ក​ឈ្នះបេះដូង​អូស្ត្រាលីនេះ ក៏ព្រោះតែអ្នក​គាំទ្រ​ថៃ បាន​បង្ហាញការទទួល​ស្វាគមន៍យ៉ាងកក់ក្តៅដល់​ភាគី​អូស្ត្រាលី នៅកីឡដ្ឋាន​ Rajamangala ក្នុង​ទីក្រុង​បាងកក។ លើសពីនេះទៅទៀត អ្នក​គាំទ្រ បាន​បង្ហាញ​ការ​សោកស្តាយ និង​ចូលរួម​រំលែក​ទុក្ខ ដល់​ករណីភ្លើង​ឆេះព្រៃដ៏មហិមា ក្នុងប្រទេសអូស្ត្រាលី។

 

អ្នក​គាំទ្រ​ថៃ បាន​នាំគ្នា​លើកបដា ដោយ​មាន​សរសេរអក្ស​រធំៗថា៖ «​សូន​បន់ស្រន់​ដល់​គ្រប់​ជីវិត។ បេះដូងរបស់​ពលរដ្ឋថៃ នៅជាមួយអូស្ត្រាលី»។ កាយ​វិការបែបនេះរបស់អ្នក​គាំទ្រ​ថៃ បាន​ធ្វើឲ្យ​មានការ​កោតសរសើរ​ពីស្ថាប័ន​កីឡាធំៗជាច្រើន។

AFC U23 Championship Highlights – Australia vs Thailand

គេហទំព័ររបស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA បាន​បង្ហោះ​សារលើ​បណ្តាញសង្គម​ថា៖ «យើង​ស្រលាញ់​សកម្ម​ភាពរបស់អ្នក​គាំទ្រថៃ នៅ AFC U23 Championship។ នេះគឺជាសញ្ញាដ៏គួរឲ្យ​គោរពចំពោះ​គូបដិបក្ខ​របស់​គេ»។

សូម​ជម្រាបជូនថា អូស្ត្រាលី ស្ថិតក្នុងពូល A ដោយ​មាន ៤ពិន្ទុ ខណៈថៃក្នុងពូលជាមួយ ស្ថិតនៅចំណាត់ថ្នាក់លេខ ២ មាន ៣ពិន្ទុ៕

មតិយោបល់