ស្វែងយល់ចំនុចសំខាន់ៗ មុនជំនួបកម្ពុជា និងអ៊ីរ៉ង់ នាម៉ោង ៨:៣០ នាទីយប់នេះ

ប្រកួតទី ៣ របស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងវគ្គជម្រុះជុំទី ២ ប្រចាំទ្វីបអាស៊ី ដើម្បីដណ្ដើមកៅអីទៅកាន់ព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតារ នឹងចូលមកដល់នាយប់ថ្ងៃព្រហស្បតិ៍ ទី ១០ ខែតុលានេះហើយ ដោយត្រូវតតាំងទល់នឹងម្ចាស់ផ្ទះអ៊ីរ៉ង់ ដែលជាក្រុមកំពូលប្រចាំទ្វីប។

មុនជំនួបដ៏ធំនេះចូលមកដល់ FOX Sports ខេមរភាសា សូមលើកយកនូវចំនុចសំខាន់ៗមួយចំនួន ឲ្យប្រិយមិត្តនិយមគាំទ្របាល់ទាត់បានស្វែងយល់ ពាក់ព័ន្ធស្ថិតិ និងស្ថានភាពក្រុមទាំងពីរ។

ចំណាត់ថ្នាក់

បើតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយ នៃតារាងចំណាត់ថ្នាក់របស់ក្រុមជម្រើសជាតិផ្នែកបុរស បានបង្ហាញឲ្យឃើញថា កម្ពុជា ស្ថិតនៅក្នុងលេខរៀងទី ៣៦ ស្របពេលអ៊ីរ៉ង់ឈរកំពូលតារាងប្រចាំទ្វីបអាស៊ី។ សម្រាប់តារាងចំណាត់ថ្នាក់ពិភពលោកវិញ អ៊ីរ៉ង់ឈរលេងរៀងទី ២៣ ចំណែកកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ ១៦៩។

ស្ថិតិប្រកួត

បើយើងមើលទៅលើប្រវត្តិប្រកួតចំនួន ១១ លើកចុងក្រោយរបស់ក្រុមទាំងពីរ គេសង្កេតឃើញថា កម្ពុជា រកបានលទ្ធផលឈ្នះ ៣ លើក ស្មើ ២ លើក និងចាញ់ ៦ លើក ដោយទាត់បញ្ចូលទីគូប្រកួតបាន ១២ គ្រាប់ របូតវិញ ១៧ គ្រាប់។ ងាកទៅអ៊ីរ៉ង់វិញ ក្រុមមួយនេះបរាជ័យតែ ១ ប្រកួតគត់ ក្នុងចំណោម ១១ ប្រកួតចុងក្រោយ ដោយក្នុងនោះឈ្នះ ៦ លើក ស្មើ ៣ លើក និងចាញ់ ២ លើក។ ចំំំណែកគ្រាប់បាល់បញ្ចូលទីវិញ អ៊ីរ៉ង់បំប៉ោងសំណាញ់ទីគូប្រកួតបាន ១៧ គ្រាប់ ហើយរបូតវិញតែ ៦ គ្រាប់ប៉ុណ្ណោះ។

ប្រវត្តិជួបគ្នា

ក្រុមទាំងពីរពុំសូវមានប្រវត្តិជួបគ្នាឡើយ ប៉ុន្តែបើតាមឯកសារបាល់ទាត់ចំណាស់មួយបានបង្ហាញថា កម្ពុជាធ្លាប់ជួបអ៊ីរ៉ង់ ២ លើក ក្នុងព្រឹត្តិការណ៍ជើងឯកទ្វីបអាស៊ី AFC Asian Cup 1972 ដែលធ្វើឡើងនៅប្រទេសថៃ។ កាលនោះ កម្ពុជាចាញ់អ៊ីរ៉ង់ ០-២ ក្នុងជំនួបសន្សំពិន្ទុ ហើយរងបរាជ័យជាថ្មីម្ដងទៀត ដោយលទ្ធផល ១-២ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ កីឡាករ ស្លៃម៉ាន សាលីម ជាកីឡាករមួយរូបគត់ ដែលបានបំប៉ោងសំណាញ់ទីក្រុមខ្លាំងមួយនេះ។

កីឡាករលេចធ្លោ

អ៊ីរ៉ង់មានកីឡាករលេងនៅលីគអឺរ៉ុបជាច្រើនរូបដូចជា លីគកំពូលប៊ែលហ្ស៊ិក ព័រទុយហ្គាល់ និងរុស្ស៊ីជាដើម។ ខ្សែប្រយុទ្ធលេចធ្លោជាងគេរបស់ប្រជាជាតិឥស្លាមមួយនេះគឺ កីឡាករ Sardar Azmoun វ័យ ២៤ ឆ្នាំ ដែលរកបាន ២៩ គ្រាប់ ពីការបង្ហាញខ្លួនចំនួន ៤៧ លើក។ ហើយនៅក្លិបរុស្ស៊ី Zenit Saint Peterburg វិញ គេតែងបំប៉ោងសំណាញ់ទីជារឿយ លើសពីនេះ ក្នុងជំនួប UEFA Champions League គេបានទាត់បញ្ចូលទី ២ គ្រាប់ទល់នឹង Lyon និង Benfica ។ កីឡាករដ៏គ្រោះថ្នាក់ម្នាក់នេះ ត្រូវបានគេដាក់រហស្សនាមថាជា «Messi អ៊ីរ៉ង់»។

អ្នកទស្សនា

ដោយភាពតឹងរ៉ឹងនៃប្រពៃណីសាសនា អ្នកគាំទ្រជានារីនៅអ៊ីរ៉ង់ពុំមានសិទ្ធិចូលទស្សនាផ្ទាល់នោះឡើយ។ តែក្រោយការធ្វើអត្តឃាត ដោយដុតសម្លាប់ខ្លួនឯងរបស់ស្ត្រីឈ្មោះ Sahar Khodayari ដើម្បីជាការប្រឆាំងនឹងបម្រាមនេះ FIFA បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើអ៊ីរ៉ង់ ពាក់ព័ន្ធការបើកឲ្យស្ត្រីចូលទស្សនាផ្ទាល់នៅកីឡដ្ឋាន។ បើតាមបណ្ដាញផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ឲ្យដឹងថា ពួកគេបានអនុញ្ញាតឲ្យមានការលក់សំបុត្រចំនួន​ ៣៥០០ សន្លឹកដល់ស្ត្រីភេទ ក្នុងជំនួបទទួលក្រុមភ្ញៀវកម្ពុជា នាកីឡដ្ឋាន Azadi ហើយវាត្រូវបានលក់អស់ត្រឹមពេលប៉ុ​ន្មាននាទីប៉ុណ្ណោះ។

ជំនួបកម្ពុជា និងអ៊ីរ៉ង់ នឹងធ្វើឡើងនាយប់ថ្ងៃព្រហស្បតិ៍ ទី ១០ ខែតុលានេះ ចាប់ពីម៉ោង ៨:៣០ យប់តទៅ ដែលការប្រកួតនេះនឹងមានផ្សាយបន្តផ្ទាល់មកកម្ពុជាតាមរយៈស្ថានីយទូរទស្សន៍ CTN ៕

AFC Asian Cup 2019: China PR 0-2 IR Iran – Sardar Azmoun (31′)

មតិយោបល់