នៅ ស្រីពៅ ចង់យកជ័យជម្នះពីក្រុងបាងកកមកប្រារព្ធទិវានៃក្តីស្រលាញ់

ថ្ងៃសៅរ៍ ទី១៦ ខែកុម្ភះ ចុងសប្តាហ៍នេះ នៅ ស្រីពៅ ដែលជាជើងឯកខ្សែក្រវាត់គុនខ្មែរពិភពលោក  នឹងធ្វើការប្រកួតដែលទន្ទឹងទុកជាយូរមកហើយនៅព្រឹត្តិការណ៍ ONE: CLASH OF LEGENDS របស់ស្ថាប័នប្រដាល់អន្តរជាតិ ONE Championship នៅឯទីក្រុងបាងកក ប្រទេសថៃ។

ពីមុខការប្រកួតទម្ងន់ ៤៨គក ដែលមានគូប្រកួតនាង Rika “Tiny Doll” Ishige តារាប្រដាល់ស្រីដ៏ល្បីល្បាញម្នាក់ ស្រីពៅ បានធ្វើការហ្វឹតហាត់គ្រប់គ្រាន់ពេញលេញសម្រាប់គូប្រកួតនេះ  នាងសង្ឃឹមថានាងអាចផ្តល់ចំណីចក្ខុគួរឲ្យភ្ញាក់ផ្អើលមួយដល់ទស្សនិកជនចំពោះការបង្ហាញខ្លួនក្នុងទ្រុងដំបូងបង្អស់របស់នាង។

ស្រីពៅ ទើបចាកចេញពីព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃអង្គារ ឆ្ពោះទៅទីក្រុងបាងកក។ ថ្វីបើទៅប្រកួតលើកនេះចំទិវានៃក្តីស្រលាញ់ ១៤កុម្ភះក្តី នាងចង់ផ្ញើរក្តីស្រលាញ់ដល់មនុស្សសំខាន់នៅឯទឹកដីកំណើតផងដែរ។

«ខ្ញុំអត់មានសង្សាអីហ្នឹងគេផង អីចឹងធ្វើធម្មតាៗ ដូចអត់មានអីគគ្រឹកគគ្រេងអស្ចារ្យទេ! ប៉ុន្តែនិយាយរួម គឺគួរផ្តល់ក្តីស្រលាញ់ឲ្យម៉ាក់ប៉ាឲ្យច្រើនៗវិញល្អជាង»

ប្រសិនបើនាងអាចនៅកម្ពុជាចំថ្ងៃបុណ្យនោះវិញ ស្រីពៅ ប្រាប់ថានាងនឹងយកថ្ងៃ១៤កុម្ភះ ទៅចំណាយជាមួយមិត្តភក្តិជិតស្និទ្ធ ដែលក៏ជាតារាប្រដាល់របស់ ONE Championship មួយរូបដែរគឺ វី ស្រីខួច។

«រាល់ឆ្នាំខ្ញុំធ្វើតែជាមួយស្រីខួច ហើយនឹងជាមួយបងស្រីខ្ញុំម្នាក់ទៀត! យើងអត់មានធ្វើអីច្រើនទេ គ្រាន់តែញាំអីជុំគ្នាដូចជាស៊ុប សាច់អាំងអីហ្នឹង!»

តារាប្រដាល់ទើបរះថ្មីរូបនេះ ត្រូវប្រឈមមុខនឹងការប្រកួតដ៏តឹងតែងនៅថ្ងៃសៅរ៍នេះដែរ ដោយសារប៉ះចំជើងខ្លាំងនារី Rika ដែលជានិមិត្តរូបម្នាក់ប្រចាំប្រទេសថៃផងដែរ។ទោះនាងមិនអាចនៅស្រុកខ្មែរអំឡុងទិវានៃក្តីស្រលាញ់នេះមែន ប៉ុន្តែស្រីពៅ មានគម្រោងធំពេលត្រលប់ពីសង្វៀន ONE មកមាតុភូមិវិញ។

«អាឡូវអត់គិតអីទេ សុំតែមកវិញដោយជោគជ័យទៅគឺបានហើយ!»

បើស្រីពៅ ចូលក្នុងទ្រុងផ្តួលគូប្រកួតនាង Rika បានមែននោះ ទូទាំងពិភពលោកនឹងចាប់ផ្តើមស្គាល់ឈ្មោះនាងគ្រប់ទីកន្លែង ហើយជាការពិតណាស់ នាងក៏ដឹងច្បាស់ថាទិវានៃក្តីស្រលាញ់នេះនឹងផ្លាស់ប្តូរជីវិតនាងយ៉ាងណាទៅថ្ងៃមុខ។

 

មតិយោបល់