ធន់ សុភា និយាយអ្វីខ្លះ? មុនសិស្សឆ្នើម លន បញ្ញា ប៉ះ ឡៅ ចិត្រា ថ្ងៃអាទិត្យនេះ

ក្រោយ​យកឈ្នះពិន្ទុ សុខ សាវិន ដោយលទ្ធផលប្រទាំងប្រទើស ឡើងទៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់មាស​ «អធិរាជគុនខ្មែរ» ​ភីអិនអិន អ្នកប្រដាល់កំពុងឡើង​កូដ លន បញ្ញា ត្រូវគេមើលឃើញថា នឹងត្រូវធ្វើការធ្ងន់ទល់នឹង កីឡាករលំដាប់ប្រទេសមកពីក្លិបកងទ័ពពិសេសឆ័ត្រយោង ៩១១ ដើម្បីដណ្ដើមខ្សែក្រវាត់មាស អមដោយរង្វាន់ ៤០ លានរៀល​។

ពាក់ព័ន្ធការព្យាករណ៍ពីមជ្ឈដ្ឋានអ្នកតាមដានប្រដាល់គុនខ្មែរ ថា ឡៅ ចិត្រា មានភាគរយខ្ពស់ក្នុងការឈ្នះ អតីតអ្នកប្រដាល់គុនខ្មែរ​ និង​ជា​គ្រូបង្វឹកលោក ធន់ សុភា អះអាង​ថា កូនសិស្សខ្លួន ​លន បញ្ញា ក៏បាន​ហ្វឹកហ្វឺនពេញកម្លាំង ហើយ​​ឆ្លងកាត់បទពិសោធរបស់គេដែលជួបសុទ្ធសឹង​តែជើង​ខ្លាំង​មួយចំនួន​​​កន្លងមក ហេតុនេះក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ ​កម្មវិធី «អធិរាជគុនខ្មែរ» របស់​ភីអិនអិន នាថ្ងៃអាទិត្យ​ លន បញ្ញា នឹងមិនឲ្យ ឡៅ ចិត្រា យកបានជ័យជម្នះងាយៗនោះទេ​។

«និយាយទៅ បញ្ញា គេ​ធ្លាប់ប្រកួតមក​ច្រើនដងហើយ។ ប្រកួតជាង​ ១ ឆ្នាំ​ពេញនេះ បញ្ញា ជួប​កីឡាករ​ល្អ​ៗច្រើន។ អ៊ីចឹងវាមិនជា​បញ្ហាទេ ដែល​ប៉ះ ឡៅ ចិត្រា​។ និយាយពីក្បាច់​ និង​របៀបរបបរបស់ពីពួកគេ​ គឺ​ប្រហាក់ប្រហែលគ្នា។ សំខាន់បំផុត​ ពង្រឹង​កម្លាំង​របស់​ បញ្ញា ឲ្យមាំមួន ទើបយើង​អាចមានសង្ឃឹម​ច្រើន។ និយាយទៅ ចិត្រា មិនអាច​យកឈ្នះស្រួលៗនោះទេ ព្រោះ​សិស្សយើង​ហាត់ដែរ មានដៃពីរ​ ជើង​ពីរ​ដូចគ្នា​ដែរ។ អ៊ីចឹង​យើង​បន្ថែម​តែការ​ហ្វឹកហាត់​ឲ្យខ្លាំង ស៊ុស​ និង​បំប៉នសុខភាព​ ហើយនិង​កម្លាំង​ឲ្យកើនជាងមុន»។

បន្ថែមលើនេះ គ្រូបង្វឹកគុនខ្មែរ​ នៃក្លិបប្រដាល់សមាគមក្រសួងការពារជាតិដដែលរំពឹង​ថា លន បញ្ញា​ នឹង​បង្ហាញសមត្ថភាព​ពិសេស​របស់គេ​ បានល្អប្រសើរជាងពេលកន្លង សម្រាប់ជំនួបវគ្គផ្ដាច់ព្រ័ត្រទល់នឹង ឡៅ ចិត្រា ហើយ​អតីតជើងខ្លាំង​រូបនេះ បោះពាក្យថា នៅ​លើរេញ​គ្មាននរណាម្នាក់ជា​ម្ចាស់សង្វៀននោះទេ​ មានន័យថា ទាល់តែប្រកួតគ្នាទើបដឹង។

«ការ​ប្រកួត​លើកនេះ រវាង លន បញ្ញា និង ឡៅ ចិត្រា ខ្ញុំជាគ្រូផ្ទាល់គិត​ថា បញ្ញា នឹង​ធ្វើបានល្អ ហើយអាច​យកជ័យជម្នះបានទៀត ដោយសារ​ការ​ហ្វឹកហាត់របស់​យើង គ្រប់គ្រាន់អស់ហើយ។ អ៊ីចឹង​នៅលើរេញ គ្មាននរណាគេជាម្ចាស់សង្វៀននោះទេ រវាង លន បញ្ញា និង ឡៅ ចិត្រា​”។

គួរឲ្យដឹងថា ឡៅ ចិត្រា និង លន បញ្ញា ត្រូវតតាំង​​​គ្នា​នាវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមខ្សែក្រវាត់មាស និង​ប្រាក់រង្វាន់​ ១ ម៉ឺនដុល្លារអាមេរិក​​ ក្នុង​កម្មវិធី «អធិរាជគុនខ្មែរ» របស់ភីអិនអិន ​នា​ថ្ងៃអាទិត្យ ទី ​១៣ ខែតុលានេះ។​ ក្រៅពីគូដណ្ដើមខ្សែក្រវាត់ ក៏មានគូមិត្តភាពអន្តរជាតិដ៏ជក់ចិត្តពីរគូទៀត​ផងដែរ​​ ក្នុងនោះជើង​ខ្លាំង​ទម្ងន់ស្រាល សុខ រិទ្ធ ស្វាគមន៍​ថៃ ម៉ាត់ជុរ៉ាត ប៉. ផុងសាវ៉ាង ខណៈ ម៉ន ព្រហ្មម៉ាញ តទល់​ ហ្វាណាំឆ័យ ប៉. មង្ឃុនសាប់ ចាប់ពីម៉ោង​១២ថ្ងៃត្រង់តទៅ៕

Khimki show class with dunks against Baskonia as they make two wins out of two in Euroleague

មតិយោបល់