លន បញ្ញា និង ឡៅ ចិត្រា លើកឡើងពីការត្រៀមប្រជែងខ្សែក្រវាត់មាស ចុងសប្ដាហ៍នេះ

មុនជំនួបវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់មាស កម្មវិធី «អធិរាជគុនខ្មែរ» របស់​ភីអិនអិន ​ឈានមកដល់ អ្នកប្រដាល់គុនខ្មែរ​ជួរមុខ​ ឡៅ ចិត្រា និងជើងខ្លាំងវ័យក្មេង លន បញ្ញា បានលើកឡើងពីការត្រៀមខ្លួន និងក្ដីរំពឹងរៀងៗខ្លួន សម្រាប់ជំនួបនាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។

អ្នកប្រដាល់​គុនខ្មែរ​កំពុងលេចធ្លោ លន បញ្ញា អះអាង​ថា ​ខ្លួន​បានហ្វឹកហាត់​យ៉ាងសកម្ម និង​ត្រៀមខ្លួនយ៉ាងល្អ សម្រាប់ជំនួប​វគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមខ្សែក្រវាត់មាស​ កម្មវិធី​ «អធិរាជគុនខ្មែរ» របស់​ភីអិនអិន ដើម្បីតតាំងនឹងជើងខ្លាំង​ ឡៅ ចិត្រា នាថ្ងៃអាទិត្យ សប្ដាហ៍នេះ​។ កូនសិស្សគ្រូ ធន់ សុភា បញ្ជាក់ថា​ ការ​ប្រកួតនេះរូបគេពុំទាន់និយាយលទ្ធផល​នោះទេ ដោយផ្ដោតតែលើការប្រឹងប្រែង​​ប្រកួតឲ្យអស់ពីសមត្ថភាព​ប៉ុណ្ណោះ​ ។

«សម្រាប់ខ្ញុំបានត្រៀមខ្លួនយ៉ាងល្អ​ហើយ ទាំង​បច្ចេកទេស និង​កម្លាំង​។ សម្រាប់មតិមហាជនចំពោះការ​ប្រកួតនេះ ខ្ញុំយល់ឃើញ​ថាជារឿងធម្មតា​ទេ​ ព្រោះអ្នកគាំទ្រ​ស្រលាញ់​កីឡាករ​រៀងៗ​ខ្លួន​ ហើយវាជាការបញ្ចេញទស្សនៈរបស់ពួកគាត់។ សំខាន់​ខ្ញុំជឿជាក់លើខ្លួន​ឯង ហ្វឹកហាត់​ឲ្យល្អ និង​ប្រកួត​ឲ្យល្អ​។ និយាយ​ទៅ កីឡាករ​ ឡៅ ចិត្រា ជា​កីឡាករ​វាយ​ ព្រោះអីគាត់ជា​កីឡាករ​ខ្លាំង​លំដាប់ប្រទេស ​ហើយនេះជាកត្តិយសមួយ​ ដែលបានប្រកួតជាមួយគាត់ ហើយខ្ញុំនឹង​ធ្វើឲ្យបានល្អ​បំផុត​។ សម្រាប់​ខ្ញុំ កា​រ​ប្រកួតនេះ អត់ផ្ដោតលើលទ្ធផលច្រើនទេ សំខាន់ខ្ញុំនឹង​ប្រឹង​ប្រកួត​អស់ពីសមត្ថភាព​ដែលខ្ញុំមាន»។

ងាកទៅ​ ឡៅ ចិត្រា វិញ សិស្សគុនក្លិបកងទ័ពពិសេសឆ័ត្រយោង ៩១១ រូបនេះទទួលស្គាល់​ថា លន បញ្ញា ជា​ជើង​ខ្លាំង​មួយរូប មានក្បាច់ និង​ស្នៀតប្រយុទ្ធ​យ៉ាងល្អ ពិសេស​រូបគេ​មានទឹកចិត្ត​ប្រកួត​យ៉ាងមុតស្រួច ដែលធ្វើឲ្យខ្លួនពុំហ៊ានមើលស្រាល និង​ធ្វេសប្រហែសចំពោះសមត្ថភាព អ្នកប្រដាល់មក​ពីខេត្តព្រៃវែងរូបនេះឡើយ។

«ការ​ហ្វឹកហាត់របស់​ខ្ញុំ គឺ​ខំប្រឹង​ប្រែងខ្លាំង ធ្វើម៉េច​អស់ពីសមត្ថភាព ដោយហាត់ជើង​ និង​ដៃឲ្យបានច្រើន ពិសេសកម្លាំង​ស៊ុសតែម្ដង។ ការ​ប្រកួតនេះ យើង​វាយប្រយោលឲ្យច្រើន ព្រោះអី​ លន បញ្ញា គេល្អចាប់ ហើយកែងគេក៏ល្អ​ដែរ​ និង​ទាត់មួយៗ។ ហើយខ្ញុំហាត់របៀបយកស៊ុស និង​វាយចេញឲ្យបានច្រើន។ សម្រាប់ លន បញ្ញា គឺ​ពិបាកច្រើនដែរ​បង ព្រោះអីគេល្អ​ដែរ អត់ហ៊ានមើលងាយគេទេ។ គេល្អ​ឡាំ ហើយទឹកចិត្ត​គេវាយក៏ខ្ពស់ដែរ​»។

គួរជម្រាបជូនថា ឡៅ ចិត្រា និង លន បញ្ញា នឹង​ប្រជែង​​គ្នា​នាវគ្គផ្ដាច់ព្រ័ត្រ​ ដណ្ដើមខ្សែក្រវាត់មាស​ កម្មវិធី «អធិរាជគុនខ្មែរ» របស់ភីអិនអិន ​នា​ថ្ងៃអាទិត្យ ទី ​១៣ ខែតុលា សប្ដាហ៍នេះ ដើម្បីស្វែងរក​ម្ចាស់ប្រាក់រង្វាន់ ​៤០ លានរៀល៕​

Coutinho, Hakimi and co. – The 5 Best Assists of the 2019/20 Bundesliga season so far

មតិយោបល់