បាងកាយ៉ាក និយាយពីការត្រៀមខ្លួន ក្រោយ​ក្លាយជាបេក្ខភាព​ខ្សែ​ក្រវាត់​ប្រាក់ PNN

ក្រោយ​ប្ដូរ​កែង​គ្នា​ទៅ​វិញ​ទៅ​មក​ ធ្វើ​ឲ្យ​បែក​រៀង​ៗ​ខ្លួន​ អ្នកលេងគុនខ្មែរ បាងកាយ៉ាក ដណ្ដើម​បាន​កៅអី​វគ្គផ្ដាច់ព្រ័ត្រ​​ខ្សែក្រវាត់​ប្រាក់ទី៤ កម្មវិធី «អធិរាជគុនខ្មែរ ISI PALM» របស់ភីអិនអិន ដោយ​ឈ្នះ​ពិន្ទុលើកីឡាករថៃ កាលពីថ្ងៃអាទិត្យ ទី​១១ ខែសីហា​កន្លងទៅ។

បន្ទាប់​ពី​បញ្ចប់​ភារៈ​ជម្រុះ​ជុំ​ដំបូង​នេះ​ហើយ​ អ្នកប្រដាល់មកពី​ខេត្ត​កោះកុង​រៀបរាប់ថា ខ្លួននៅមានបេសកកម្មចម្បងមួយទៀត គឺការ​សម្រួចសមត្ថភាព​ឱ្យ​បាន​គត់​មត់​ ត្រៀម​ជួប​អ្នក​ឈ្នះ​វគ្គ​ជម្រុះ​រវាង​កីឡាករ​ខ្មែរ​ សុខ សាវិន និង​កីឡាករ​ថៃ​ ភិឈិតឆ័យ។​ ទោះពុំទាន់ដឹងថា នឹងត្រូវប៉ះកីឡាករមួយណា​ ប៉ុន្តែគេ​បាន​បង្ហាញ​ការ​តាំងចិត្តប្រឹង​ប្រែង​ឲ្យអស់ពីសមត្ថភាព សម្រាប់ការ​ប្រកួត​ដ៏សំខាន់​​​មួយនេះ​។

«ឈ្នះ​ប្រកួត​ដំបូង​ ធ្វើ​ឲ្យ​ខ្ញុំ​រីករាយ​ខ្លាំង​មែនទែន​ ប៉ុន្តែ​ខ្ញុំ​អត់​ភ្លេច​ខ្លួន​ទេ​ ខ្ញុំ​នឹង​កែប្រែ​ចំនុច​ខ្សោយ​កន្លង​មក​ឲ្យ​បាន​ប្រសើរ​។ ខ្ញុំ​នឹង​ដាក់​ចិត្ត​ដាក់​កាយ​ហ្វឹកហាត់​ឲ្យ​កាន់​តែ​ខ្លាំង​ជាង​មុន​ ដើម្បី​ធ្វើឲ្យបានល្អ​ជាងនេះទៀត ព្រោះ​ជា​ប្រកួត​សំខាន់​ ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ប្រាក់​ហើយ​ មាន​ឱកាស​ទៅ​វាយ​ដណ្ដើម​ខ្សែក្រវាត់​មាសទៀត។ ប្រាក់​រង្វាន់​ច្រើន​មែនទែន អញ្ចឹង​ខ្ញុំ​ត្រូវ​តែ​ស៊ូ​ ឈ្នះ​ឬចាញ់​ឡើង​រេញ​ទើប​ដឹង​ តែ​ពេល​ហាត់​ និង​ប្រកួត​ខ្ញុំ​ត្រូវ​តែ​ប្រឹង​ឱ្យ​អស់»។

ពាក់ព័ន្ធ​បេក្ខភាព​ទាំង​ពីរ​ ដែល​រូប​គេ​អាច​នឹង​ជួប​នា​ពេល​ខាង​មុខ​ សិស្សគុន​អតីតអ្នកប្រដាល់​គុនខ្មែរល្បី​ អេ ភូថង រូបនេះ លើកឡើង​ថា​ ​ពុំហ៊ានមើលស្រាល​លើកីឡាករណាម្នាក់​នោះទេ​ សម្រាប់​ការ​ជួប​គ្នានា​វគ្គផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ប្រាក់។

«សម្រាប់ខ្ញុំ ខ្ញុំអត់មើលស្រាលគេទេ កីឡាករ​ថៃ​ក៏ខ្ញុំមានការ​បារម្ភ ឯ សុខ សាវិន ក៏មិនធម្មតាដែរ គាត់ល្អទាត់ឆ្វេង និង​វាយកែង កម្ពស់​គាត់​បាន​ហើយ​លឿន។ បើប្រៀបធៀបទៅគាត់ល្អកែង និងទាត់ ហើយ​បើខ្ញុំវិញ បានតែ​ជង្គង់ទេ។ ខ្ញុំគិតថា​ ខ្ញុំត្រូវការ​ពង្រឹង​ជំហរ និងកម្លាំង​បន្ថែម​ទៀត ព្រោះ​​ខ្ញុំនៅរាងស្ទើរ។ បើ​និយាយ​ទៅ​ ជួប​អ្នក​ណា​ក៏​ខ្ញុំ​​មានការ​ប្រុងប្រយ័ត្នដូចគ្នា។ ជួប​កីឡាករខ្មែរ ឬថៃក៏ដោយ​ ខ្ញុំ​តាំង​ចិត្ត​ហើយ​ថា​​នឹង​ប្រឹង​ធ្វើឲ្យបានល្អ​ជាងនេះទៀត»។

គួរ​ដឹង​ដែរ​ថា​ បាងកាយ៉ាក ដណ្ដើម​បាន​​កៅអី​វគ្គផ្ដាច់ព្រ័ត្រ​​​ខ្សែក្រវាត់​ប្រាក់ កម្មវិធីប្រដាល់ «អធិរាជគុនខ្មែរ» របស់ភីអិនអិន ក្រោយ​យកឈ្នះពិន្ទុលើ​កីឡាករ​​ថៃ ឃុមសែន។ រូបគេត្រូវរង់ចាំ​អ្នកឈ្នះរវាង សុខ សាវិន និង ភិឈិតឆ័យ ដែលនឹងធ្វើការប្រកួតនាថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ៕

មតិយោបល់