កូយ ឡាយ បង្ហាញរំពឹងផ្ដួលថៃ ឡើងទៅដណ្ដើមខ្សែក្រវាត់ប្រាក់ទី ៣ នៅ PNN

យុទ្ធនាការជម្រុះស្វែងរកម្ចាស់ខ្សែក្រវាត់ប្រាក់ទី ៣ «អធិរាជគុនខ្មែរ ISI PALM» របស់ភីអិនអិន នឹងចាប់ផ្ដើមនាថ្ងៃអាទិត្យ ទី ១៤ ខែកក្កដា សប្ដាហ៍នេះ ដោយក្នុងនោះបេក្ខភាពគុនខ្មែរ កូយ ឡាយ ត្រូវជួបតទល់ជើងខ្លាំងថៃ ជ្មួកភិត។

ពាក់ព័ន្ធនិងជំនួបដ៏សំខាន់នេះ អ្នកប្រដាល់គុនខ្មែរវ័យក្មេង កំពុងឡើងកូដ កូយ ឡាយ អះអាងថា ខ្លួនបានហ្វឹកហាត់ដិតដល់ ហើយត្រៀមរួចជាស្រេចសម្រាប់ទទួល ជ្មួកភិត ដោយបានប្ដេជ្ញាយ៉ាងមុតមាំថា នឹងព្យាយាមគ្រប់បែបយ៉ាងដណ្ដើមជ័យជម្នះឲ្យបាន ដើម្បីស្វែងរកកៅអី ឆ្ពោះទៅប្រជែងខ្សែក្រវាត់ប្រាក់ទី ៣ នៃកម្មវិធី។

«សម្រាប់ការហ្វឹកហាត់វិញ ខ្ញុំបានហ្វឹកហាត់យ៉ាងទៀងទាត់ ដោយសារនេះជាកម្មវិធីធំ ណាមួយខ្ញុំមានឈ្មោះចេញវាយញឹកផង ក្នុង ១ខែឡើងសង្វៀនពី ២ ទៅ ៣ប្រកួត។ អញ្ចឹងការត្រៀមខ្លួនរបស់ខ្ញុំ គឺបានត្រៀមយូរមកហើយ ប៉ុន្តែការប្រកួតញឹកញាប់កន្លងមក ក៏បានធ្វើឲ្យខ្ញុំស្រុតកម្លាំងខ្លះដែរ។ តាមខ្ញុំមើលពីរទៅបីថ្ងៃទៀត ស្ថានភាពកម្លាំងខ្ញុំនឹងអាចឡើងពេញវិញហើយ អត់បញ្ហាទេ។ ចំពោះសមត្ថភាពដៃគូ ខ្ញុំអត់ទាន់បានដឹងច្រើនពីគេទេ ចាំឡើងសង្វៀនតែម្ដងចាំដឹង។ អ្វីដែលសំខាន់ខ្ញុំប្រឹងប្រឺងអស់ពីសមត្ថភាព និងវាយឲ្យអស់ពីសមត្ថភាព ដើម្បីយកជ័យជម្នះឲ្យបាន»។

សិស្សគុនក្លិបប្រដាល់ទ័ពពិសេសឆ័ត្រយោង ៩១១ រូបនេះ បន្ថែមថា ខ្លួនរំពឹង៧០ភាគរយ នឹងក្រសោបបានជោគជ័យ នាការប្រកួតជម្រុះដំបូង ដើម្បីបន្តឱកាសប្រជែងខ្សែក្រវាត់ប្រាក់ ក្នុងកម្មវិធីប្រដាល់ «អធិរាជគុនខ្មែរ ISI PALM» ដ៏សំខាន់មួយនេះ។

«ចំពោះក្ដីរំពឹង សម្រាប់ពេលដំបូងនេះ ខ្ញុំគិតថាមានប្រហែល ៧០ភាគរយ ព្រោះជុំដំបូងវាសំខាន់ បើចាញ់គឺធ្លាក់។ ខ្ញុំនៅតែសង្ឃឹមថា អាចយកជ័យជម្នះនេះបាន ដើម្បីឈានទៅដល់ប្រកួតក្រោយ មានឈ្មោះដណ្ដើមខ្សែក្រវាត់ប្រាក់ ព្រោះអីខ្ញុំបានគោរពម៉ោងពេលហ្វឹកហាត់ត្រឹមត្រូវ និងព្យាយាមច្រើនជាងមុន»។

សូមបញ្ជាក់ថា កូយ ឡាយ នឹងបើកយុទ្ធានាការខ្សែក្រវាត់ដំបូងរបស់ខ្លួន តតាំងអ្នកប្រដាល់ថៃល្អកែងជង្គង់ ជ្មួកភិត ដើម្បីរកកៅអីទៅប្រជែងខ្សែក្រវាត់ប្រាក់ទី ៣ នាថ្ងៃអាទិត្យ ទី ១៤ ខែកក្កដា សប្ដាហ៍នេះ។ លើសង្វៀនតែមួយ ក៏មានគូមិត្តភាពអន្តរជាតិរវាង ខាំ ខ្លានាង ស្វាគមន៍អ្នកលេងឆ្លងដែនថៃ អមដោយគូថ្នាលខ្មែរ-ថៃពីរគូទៀត ដោយមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីម៉ោង ១២ថ្ងៃត្រង់តទៅ៕

មតិយោបល់