ឡុង ជិន និង តាញ់ មករា និយាយអ្វីខ្លះ ក្រោយបញ្ចប់សង្គ្រាមខ្សែក្រវាត់ប្រាក់នៅភីអិនអិន?

ពេញ ៥ទឹកនៅសង្វៀនភីអិនអីន ឡុង ជិន និង តាញ់ មករា បានធ្វើឲ្យអ្នកទស្សនាអង្គុយពុំជាប់កៅអីឡើយ ដោយត្រូវកម្រើកអស់ទាំងដងខ្លួន អមដោយសម្លេងស្រែកហ៊ោរកងរំពង ទៅតាមចង្វាក់នៃការវាយសន្ធាប់ទៅមករបស់កីឡាករទាំង ២ ដើម្បីដណ្ដើមយកខ្សែក្រវាត់ប្រាក់ កម្មវិធី «អធិរាជគុនខ្មែរ ISI Palm»។

ពាក់ព័ន្ធការប្រកួតដ៏ជក់ចិត្តនេះ FOX Sports ជាខេមរភាសាបានជួបសម្ភាសន៍ជាមួយកីឡាករទាំង ២ ហើយពួកគេបានរៀបរាប់ពីស្ថានភាពនៃការប្រកួតដូចខាងក្រោម៖

 

សិស្សលោក ធន់ សុភា អ្នកប្រដាល់គុនខ្មែរវ័យក្មេង តាញ់ មករា ទទួលស្គាល់ថា ក្នុងបរាជ័យក្រោមដៃរៀមច្បងរួមអាជីព ឡុង ជិន ក្នុងវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ «អធិរាជគុនខ្មែរ ISI PALM» ខ្លួនបានខិតខំអស់ពីលទ្ធភាព ហើយក៏ធ្វើបានល្អពេញប្រាំទឹកផងដែរ ប៉ុន្តែសមត្ថភាព និងបច្ចេកទេសនៅមានកម្រិត ទើបពុំអាចក្រសោបជ័យជម្នះ បន្តឱកាសឈានទៅវគ្គបន្ទាប់បាន។

«ទាំងខ្ញុំទាំងគាត់ សុទ្ធមានចំណុចខ្លាំងៗរៀងខ្លួន អត់សូវដាច់គ្នាច្រើនពេកទេ និយាយរួមមានវាយទៅវាយមក ចូលទៅចូលមកដូចគ្នា ប៉ុន្តែខ្ញុំអាចនិយាយបានថា ខ្ញុំនៅចាញ់គាត់ត្រង់ការប្រើស្នៀតជង្គង់។ ប្រកួតនេះខ្ញុំបានហ្វឹកហាត់ត្រៀមគ្រប់គ្រាន់ ហើយយល់ថាខ្លួនឯងធ្វើបានល្អ ប៉ុន្តែនៅមានកម្រិតមួយមិនទាន់ដល់គេ។ ខ្ញុំចាញ់មិនទាន់អស់ចិត្តទេ ខ្ញុំចង់ជួបគាត់ទៀត ប៉ុន្តែលទ្ធផលចាញ់នេះ ខ្ញុំទទួលស្គាល់ថាចាញ់ពិតមែន គ្រាន់តែពុំទាន់អស់ចិត្តខ្លួនឯង។ ខ្ញុំដឹងថា ចូលដល់ទឹកទី៥ ខ្ញុំរាងខ្សោយកម្លាំង។ ខ្ញុំពិតជាសោកស្ដាយខ្លាំង ដែលមិនទទួលជ័យជម្នះ អត់បានគ្រងខ្សែក្រវាត់»។

ងាកទៅម្ចាស់ខ្សែក្រវាត់ប្រាក់ ឡុង ជិន វិញ សិស្សគុនក្លិបខ្លារខិនមានរិទ្ធិពន្យល់ថា ពីដំបូងខ្លួនពុំសូវមានរំពឹងយកឈ្នះគូប្រកួតទេ ប៉ុន្តែចូលដល់លើរេញបានត្រឹម ២ទឹក គេមានទំនុកចិត្តថាអាចឈ្នះ មករា តែទទួលស្គាល់ថាពុំអាចវាយផ្ដាច់ឲ្យសន្លប់បានឡើយ។

«សម្រាប់ខ្ញុំ ពេលមិនទាន់ឡើងប្រកួតខ្ញុំបានគិតថា បើទោះយកឈ្នះបានក៏ពិបាកដែរ ប៉ុន្តែពេលចាប់ផ្ដើមវាយទៅវាយមកបានមួយទឹកពីរទឹក ខ្ញុំដឹងខ្លួនថា ខ្ញុំនឹងអាចយកឈ្នះសិស្សប្អូនបាន។ ក្នុងប្រកួតនេះ ខ្ញុំទទួលស្គាល់ថា ចិត្តខ្ញុំមិនទាន់លះល្អទេ ប៉ុន្តែបើលះជាងនេះបន្តិចអាចនឹងសន្លប់។ ខ្ញុំបានទាត់តេស្ដជើងគាត់ គាត់ឈឺហើយថយ ទើបយើងដឹងចំនុចខ្សោយ ប៉ុន្តែក៏មិនអាចយកសន្លប់បានទេ ព្រោះបើសំរុកខ្លាំងអាចនឹងគ្រោះថ្នាក់វិញ។ សម្រាប់ខ្ញុំបើគិតថា ឈ្នះហើយ មិនអាចប្ដូរអីបានទេ គឺត្រូវវាយការពារវិញ»។

សូមបញ្ជាក់ថា ឡុង ជិន ជាបេក្ខភាពគុនខ្មែរទី២ បន្ទាប់ពី ឡៅ ចិត្រា ដែលបានគ្រងខ្សែក្រវាត់ប្រាក់ «អធិរាជគុនខ្មែរ ISI PALM» របសភីអិនអិនដំបូងគេ។ ឡុង ជិន និង ឡៅ ចិត្រា ក៏បានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាត់ព្រ័ត្រខ្សែក្រវាត់មាសរៀងៗខ្លួន ដោយឈរចាំម្ចាស់ខ្សែក្រវាត់ប្រាក់ពីររូបផ្សេងទៀត៕

មតិយោបល់