Zidane៖ យើងមិនភ័យទេ ទោះ​បីជា​រក​បាន​តែមួយពិន្ទុជាមួយ Celta Vigo ក៏ដោយ

Zinedine Zidane គ្រូ​បង្វឹក Real Madrid បាន​និយាយ​ថា ក្រុម​របស់​លោក​នឹង​មិន​មាន​ការភ័យ​ខ្លាច​ឡើយ បើ​ទោះ​បី​ជា​លទ្ធផល ២-២ ជា​មួយ Celta Vigo នៅ​កីឡដ្ឋាន Balaidos បាន​ធ្វើ​ឲ្យ​ពួក​គេ​ស្ថិត​នៅ​កាន់​តែ​ឆ្ងាយ​ពី Barcelona ក្នុង​កា​រប្រកួត​ប្រជែង​ដណ្តើម​ពាន La Liga ក៏​ដោយ​។

Madrid មាន​ការ​ប្រកួត​មួយ​នៅ​ក្នុង​ដៃ​ដែល​អាច​រក​បាន​បី​ពិន្ទុ​ទៅ​ហើយ ប៉ុន្តែ​ឥឡូវនេះ​កាន់​តែ​ដាច់​ឆ្ងាយ​ពី Barca រហូត​ដល់ ១៦ ពិន្ទុ ក្រោយ​ពី​ក្រុម​របស់ Ernesto Valverde បាន​បំបាក់ Levante ក្នុង​លទ្ធផល ៣-០ នៅ Nou Camp ។

Gareth Bale រក​បាន​ពីរ​គ្រាប់​ដើម្បី​ជួយ​ឲ្យ Real ធ្វើ​ការ​នាំមុខ​វិញ បន្ទាប់​ពី Celta បាន​នាំមុខ​មុន​តាម​រយៈ​គ្រាប់​បាល់​របស់ Daniel Wass ។

បន្ទាប់​មក អ្នក​ចាំ​ទី Keylor Navas អាច​ជួយ​សង្គ្រោះ​បាល់​ពិន័យ ១១ ម៉ែត្រ​បាន​ពី Iago Aspas មុន​ពេល Maxi Gomez បាន​ទែត​បាល់​បញ្ចូល​ទី​ជួយ​ឲ្យ Celta តាម​ស្មើ​នៅ​ត្រឹម​តែ ៨ នាទី​មុន​ចប់​ការ​ប្រកួត​។

ការ​ស្មើ​នេះ​បាន​ធ្វើ​ឲ្យ​ចំនួន​នៃ​ការ​ប្រកួត​នៅ​ក្រៅ​ទឺក​ដី​ដែល​មិន​ទទួល​បាន​ជោគ​ជ័យ​របស់ Madrid កើន​ឡើង​ដល់​បួន​លើក ដែល​ជា​កំណត់​ត្រា​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល​ជិត ១០ ឆ្នាំ​មក​នេះ​។

បន្ទាប់​ពី​ការ​ប្រកួត Zidane បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​ចំពោះ​បញ្ហា​នេះ​។

Zidane បាន​និយាយ​ថា៖ «ថ្ងៃ​ស្អែក​គឺ​ជា​ថ្ងៃ​ថ្មី ហើយ​យើង​នឹង​ត្រឡប់​ទៅ​ហ្វឹក​ហាត់​បន្ថែម ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​បន្ទាប់​ទៀត​។ រដូវ​កាល​នេះ​នៅ​វែង​ណាស់​»។

«យើង​នឹង​មិន​មាន​ការ​ភ័យ​ខ្លាច​ឡើយ​។ ខ្ញុំ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ដំបូង​គេចំ​ពោះ​រឿង​នេះ​»។

Zidane បាន​បន្ថែម​ទៀត​ថា សម្រាប់​រូប​គាត់ ឬ​កូន​ក្រុម​របស់​គាត់ លទ្ធផល​នេះ​មិនអាច​ទទួល​យក​បាន​ទេ​។

«យើង​ទាំងអស់​គ្នា​មិន​សប្បាយ​ចិត្ត​ចំពោះ​លទ្ធផល​នេះ​ឡើយ​។ មិន​មែន​មិន​សប្បាយ​ចិត្តនឹង​ការ​ប្រកួត​នៅ​តង់​ទី​មួយ​ទេ ប៉ុន្តែ​នៅ​តង់​ទី​ពីរ​»។

«យើង​ត្រូវ​តែ​វិភាគ​លើ​ការ​ប្រកួត​របស់​យើង​ឲ្យ​បាន​ស៊ី​ជម្រៅ​។ យើង​បាន​ប្រព្រឹត្ត​កំហុស​ជាច្រើន​។ យើង​ត្រូវ​តែ​មាន​ភាព​ជឿ​ជាក់​បន្ថែ​មទៀត​លើ​សមត្ថភាព​របស់​យើង​»។

មតិយោបល់