Suarez ថា Barca នឹងជួបការលំបាកពេលទៅ​លេង​នៅ​ទឹកដី Valencia!

ខ្សែ​ប្រយុទ្ធ​របស់ Barcelona កីឡាករ Luis Suarez បាន​ព្រមាន​ថា ការ​នាំមុខ​មុន ១-០ របស់ Catalans នឹង​ធ្វើឲ្យ​ការ​ប្រកួត​ជើង​ទីពីរ​នៅ Copa del Rey ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយ​ក្រុម Valencia កាន់​តែ​ក្តៅ​គគុក​ថែម​ទៀត​។

ខ្សែ​ប្រយុទ្ធ​របស់​អ៊ុយរូហ្គាយ​រូបនេះ​រក​បាន​មួយគ្រាប់​ជួយ​ឲ្យ​ម្ចាស់​ផ្ទះ​ទទួល​ជ័យ​ជម្នះ​នៅក្នុងការ​ប្រកួត​ជើង​ទី​មួយ​នៅ Camp Nou កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ តាម​រយៈការ​ទែត​បាល់ដែល Lionel Messi លើក​ឲ្យ​បញ្ចូល​ទី​នៅ​នាទី​ទី ៦៧។

ទោះបី​ជា​យ៉ាងណា​ក៏​ដោយ Barca មុខជា​មាន​ការលំបាក​នៅ​ក្នុង​ការប្រកួត​ជើង​ទីពី​រនៅ​ទឹកដី​របស់ Valencia ហើយ Suarez បាន​ដឹង​យ៉ាង​ច្បាស់​អំពី​ការលំបាក​ក្នុងការ​ប្រកួត​នៅ​ថ្ងៃ​ទី ៨ ខែ​កុម្ភៈ​ខាង​មុខ​នេះ​។

យោង​តាម​កាសែត Marca កីឡាករ Suárez បាន​និយាយ​ថា៖ «យើង​មាន​ប្រៀប​តិច​តួចបំផុត ដោយសារ​តែ​ពួកគេ​នៅ​សល់​រយៈ​ពេល ៩០ នាទី​ទៀត​»។

«Valencia លេង​នៅក្នុង​ទឹកដី​បាន​ល្អ​ជាង ហើយ​កាន់តែ​ខ្លាំង​ជាង​មុន​ពេល​លេង​នៅ​ក្នុង​វគ្គពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ Copa» ។

គាត់​បាន​បន្ថែម​ទៀត​ថា៖ «អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ពេញចិត្ត​នោះ​គឺ​ពួកគេ​មិន​បាន​ធ្វើឲ្យ​យើង​មានបញ្ហា​ឡើយ វា​ពិត​ជា​សំខាន់​ណាស់ ព្រោះ​វា​បាន​បង្ហាញ​ថា​ពួកគេ​មាន​ការគោរព​ចំពោះ​យើង​»។

«យើង​មាន​ឱកាស​ច្រើន បើ​ទោះបី​ជា​យើង​ត្រូវ​បាន​ពួកគេ​បិទ​ជិត​ក៏​ដោយ ហើយ​ពួក​គេក៏​មាន​ឱកាស​ច្រើន​ដែរ ទោះ​បីជា​ពួកគេ​មិន​អាច​ធ្វើ​បាន​សម្រេច​ក៏​ដោយ​»។

មតិយោបល់