Messi ត្រូវកាត់បន្ថយការលេងនៅ Barca ដើម្បីត្រៀមខ្លួនសម្រាប់ World Cup ខាងមុខ

ប្រធានសហព័ន្ធបាល់ទាត់អាហ្សង់ទីន លោក Claudio Tapia បាន​មានប្រសាសន៍ថា​លោក​ចង់​ឃើញ​ប្រធានក្រុម​ក្លិប​ Barcelona គឺកីឡាករ​ Lionel Messi កាត់​បន្ថយ​ការ​លេង​ខ្លះ​នៅក្លិប​យក្សមួយ​នេះ​ ដើម្បី​ទុកកម្លាំង​ឲ្យ​មាំ​មួន​សម្រាប់​លេង​នៅ​ World Cup ២០១៨ ខាងមុខនេះ។

ក្នុងចំណោម​ ២៣ ប្រកួត​កន្លង​មក​ក្នុង​ក្របខណ្ឌ La Liga អ្នក​ចាត់​ការ​ក្លិប​គឺ​លោក Valverde បាន​ដក​ Messi ចេញពី​បញ្ជីក្រុម ១១ នាក់​ដំបូង​តែ​ម្តង​គត់​គឺក្នុង​ការ​ប្រកួត​ទល់​នឹង Espanyol កាលពីថ្ងៃទី ៤ កុម្ភៈ តែ​បាន​ដាក់​រូបគេ​ចូលលេង​ជំនួស​វិញ​ដោយ​ជួយ​ឲ្យ​ក្រុម​យក​ស្មើ ១១។

ប្រធានសហព័ន្ធបាល់ទាត់​អាហ្សង់ទីន​រូបនេះបន្ថែមថា ខ្ញុំសង្សឹម​ថា​កីឡការ​គ្រប់​រូប​នឹង​មានកម្រិត​លេង​ល្អដូចពេល​បច្ចុប្បន្ន។ កីឡាករ Sergio Aguero ពេលនេះកំពុង​មាន​ភាពលេចធ្លោ ចំណែក​ Messi វិញគឺតែង​តែ​ល្អ​ជានិច្ចគ្រប់ការប្រកួត

លោកបន្តទៀតថា រឿងនេះសំខាន់​ណាស់​សម្រាប់​អ្នក​ចាត់​ការ និង​គ្រូបង្វិក។ យើង​បាន​និយាយ​ជាមួយ Messi ពីរឿង​ថែទាំខ្លួន​ និង​ការ​គួរ​កាត់​បន្ថយ​លេង​ខ្លះ​នៅ​ក្លិបនេះរួចហើយ​

Tapia ក៏បាន​និយាយ​ថា អាហ្សង់ទីន​គ្រោង​នឹង​មាន​ការ​ប្រកួត​មិត្តភាព​មួយ​ជាមួយ​ទីក្រុង​កាតាឡង់ នៅខែមិថុនា ជាផ្នែកមួយ​នៃ​ការ​ត្រៀម​សម្រាប់​ការប្រកួត​ World Cup នៅរុស្ស៊ី ដោយ​សង្ឃឹម​ថា​ពួកគេ​នឹង​ធ្វើ​បាន​ល្អ​ជា​ង ៤ ឆ្នាំ​មុននៅប្រស៊ីល ដែល​បាន​ត្រឹម​ជើងឯករង។

ប្រសិន​បើ​មាន​ការប្រកួត​មិត្តភាពដូចបាន​លើក​ឡើង​មែន​ នោះ​ Messi នឹង​ត្រូវ​ជួប​តទល់ជាមួយមិត្ត​រួម​ក្លិប​ដូចជាកីឡាករ​ Sergio Busquets Sergi Roberto និង​ Gerard Pique ជាដើម។

មតិយោបល់