Park បង្ហាញឈ្មោះកូនក្រុមជម្រើសវៀតណាមដំបូងរបស់គាត់

លោក Park Hang-seo បានបញ្ចេញឈ្មោះកូនក្រុមរបស់គាត់ជាលើកដំបូងបន្ទាប់ពីត្រូវបានតែងតាំងជាគ្រូបង្វឹកជម្រើសជាតិវៀតណាមសម្រាប់ព្រឹត្តិការណ៍ពានរង្វាន់អាស៊ី AFC ក្នុង​ពេល​ខាងមុខដែលនឹងត្រូវប៉ះជាមួយអាហ្វហ្គានីស្ថាន។

លោក Park ត្រូវបានជាប់ឈ្មោះជាគ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមកាលពីចុងខែកញ្ញាមកម្ល៉េះ ប៉ុន្តែទើប​ប្រកាសចូលកាន់​តំណែង​ជា​ផ្លូវ​ការ​កាល​ពីខែមុន ក្រោយពេលវៀតណាមបានយកឈ្នះកម្ពុជាក្នុងលទ្ធផល ៥-០។

លទ្ធផលនេះបានធ្វើឲ្យក្រុមមកពីតំបន់អាស៊ីអាគ្នេយ៍មួយនេះអាចបន្តដំណើររបស់ខ្លួនយ៉ាងរលូន ដើម្បីឆ្លងផុតវគ្គជម្រុះក្នុងជុំទីបី និងជា​ជុំបញ្ចប់ ​ឆ្ពោះ​ទៅ​កាន់ Asian Cup។

បច្ចុប្បន្ននេះក្រុមវៀតណាមឈរលេខរៀងទីពីរក្នុងពូល C ប៉ុន្តែមានពិន្ទុស្មើនឹងក្រុមលេខមួយហ្ស៊កដានី ហើយបើគេអាចយកឈ្នះក្រុម​អាហ្វហ្គានីស្ថាននៅថ្ងៃទី ១៤ កញ្ញា ខាងមុខនេះ នោះគេនឹងបានកៅអីយ៉ាងជាក់ច្បាស់ទៅកាន់អេមីរ៉ាតអារ៉ាប់រួមនៅឆ្នាំ ២០១៩។

ប្រសិនបើបានត្រឹមស្មើក៏វៀតណាមនៅមានសង្ឃឹមច្រើនដែរ ដោយត្រូវមើលលើលទ្ធនៃជំនួបផ្សេងទៀតក្នុងពូល C គឺរវាងក្រុមហ្ស៊កដានី និងកម្ពុជា។ ទោះជាយ៉ាងណាក្តី លោក​ Park សង្ឃឹមគាត់នឹងព្យាយាមបើកទំព័រដឹកនាំដោយលទ្ធផលវិជ្ជមាន។

គួរបញ្ជាក់ដែរថាគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះជាមនុស្សដែលមិនលាយឡំមនោសញ្ចេតនាជាមួយការងារទេ ការនេះបង្ហាញឲ្យឃើញតាម​រយៈ​ការដកសមាជិកក្រុមប្រាំបីរូបចេញពីបញ្ជីឈ្មោះក្រុមចាស់ ដែលបានយកឈ្នះលើកម្ពុជា ក្នុងនោះរួមមាន Que Ngoc Hai, Ngo Hoang Thinh និង Mac Hong Quan ផងដែរ។

ឈ្មោះដែលគេឧស្សាហ៍ឮដូចជា Nguyen Van Quyet, Dinh Thanh Trung និង Au Van Hoan នឹងលេងក្នុងតួនាទីសំខាន់ក្នុងដំណាក់កាលដំបូង​នៃ​រជ្ជកាលដឹកនាំរបស់លោក Park ប៉ុន្តែគាត់ក៏បានបង្ហាញផងដែរថាគាត់មិនញញើតនឹងផ្ញើជោគវាសនាលើយុវជននោះទេ។

Nguyen Cong Phuong និង Luong Xuan Truong អ្នកទាំងពីរមានវ័យ ២២ ឆ្នាំ ត្រូវបានគេរំពឹងថានឹងដើតួនាទីបានល្អក្នុងការប្រកួត ចំណែកឯ​កីឡាករបួនរូបទៀតដែលមានវ័យ ២០ ឆ្នាំរួមមាន អ្នកចាំទី Bui Tien Dung របស់ FLC Thanh Hoa, Tran Dinh Trong របស់ក្លឹប Sai Gon, Nguyen Quang Hai​ របស់ក្លឹប Ha Noi wonderkid  និង Ha Duc Chinh របស់ក្លឹប SHB Da Nang ។

ខុសប្លែកពីក្រុមជម្រើសជាតិដទៃក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រុមវៀតណាមបានរើសកីឡាករមកពីក្លឹបផ្សេងៗជាច្រើនដែលសរុបមានចំនួន ១៣ ក្លឹប​ខុសៗ​គ្នា ដោយក្លឹប Hanoi និង Hoang Anh Gia Lai មានកីឡាករតំណាងច្រើនជាងគេគឺម្នាក់ ៤។

ប្រសិនបើវៀតណាមមិនទទួលបានលទ្ធផលដូចការរំពឹងទុកពេលប៉ះជាមួយអាហ្វហ្គានីស្ថានទេ ពួកគេនឹងជួបឧបសគ្គធំពេលប៉ះជាមួយហ្ស៊កដានី​នៅថ្ងៃបញ្ចប់នៃវគ្គជម្រុះនៅខែមីនា ឆ្នាំក្រោយ។

អ្នកចាំទី៖ Nguyen Tuan Manh (Sanna Khanh Hoa), Pham Van Cuong (QNK Quang Nam), Bui Tien Dung (FLC Thanh Hoa)

ខ្សែការពារ៖ Vu Xuan Cuong (FLC Thanh Hoa), Vu Ngoc Thinh (Hai Phong), Bui Tien Dung (Viettel), Tran Dinh Trong (Sai Gon), Doan Van Hau (Ha Noi), Au Van Hoan (TP Ho Chi Minh), Vu Van Thanh (Hoang Anh Gia Lai)

ខ្សែបម្រើ៖ Do Duy Manh, Nguyen Quang Hai (both Ha Noi), Luong Xuan Truong (Gangwon FC), Nguyen Huy Hung, Dinh Thanh Trung (both QNK Quang Nam), Do Van Thuan (Sai Gon), Nguyen Van Toan, Tran Minh Vuong (both Hoang Anh Gia Lai), Vu Minh Tuan (Than Quang Ninh)

ខ្សែប្រយុទ្ធ៖ Nguyen Anh Duc (Becamex Binh Duong), Nguyen Cong Phuong (Hoang Anh Gia Lai), Nguyen Van Quyet (Ha Noi), Ha Duc Chinh (SHB Da Nang)

មតិយោបល់