តារាបាល់ទាត់វៀតណាម Thanh Trung កំណត់គោលដៅថាត្រូវយកពាន AFF Suzuki Cup

Dinh Thanh Trung កីឡាករ​វៀតណាម​ដែល​ទើប​តែ​គ្រង​ដំណែង​កីឡាករ​ល្អបំផុត​ប្រចាំ​ឆ្នាំ​ ២០១៧ បាន​កំណត់​គោលដៅ​ថា​គាត់​នឹង​ជួយ​ក្រុម​ជម្រើស​ជាតិ​របស់គាត់​ឈ្នះពាន AFF Suzuki Cup ២០១៨ ឲ្យទាល់​តែ​បាន។

Thanh Trung ទទួល​បាន​ពានរង្វាន់​បាល់មាសពី​កម្មវិធីកីឡាករបាល់ទាត់ឆ្នើមនៃប្រទេសវៀតណាម ២០១៧។

កីឡាករវ័យ​ ២៩ ឆ្នាំ​រូបនេះ​មិនត្រឹមតែ​ជាកីឡាករ​ឆ្នើម​នៅក្នុង​ក្លឹប​ Quang Nam ដែលឈ្នះ​ជើងឯក V.League 1 ប៉ុណ្ណោះ គាត់​ក៏​ជាកីឡាករនៃក្រុមជម្រើសជាតិវៀតណាម​ដែល​មាន​កៅអីទៅប្រកួត AFC Asian Cup ២០១៩ ដោយនៅសល់តែមួយប្រកួត​ក្នុងដៃ។

ខណៈពេលដែលយុទ្ធនាការថ្មីនេះមិន​ទាន់​មកដល់ើ Thanh Trung បាន​កំណត់​គោលដៅ​កាន់តែ​ធំ​ថា​គាត់​នឹង​យក​ពាន​រង្វាន់​លើ​ឆាក​អន្តរជាតិឲ្យបាន​ត្រឹមដំណាច់​ឆ្នាំ​នេះ។

គាត់​បាន​និយាយថា «នេះ​គឺ​ជាពេលវេលា​មួយដ៏​អស្ចារ្យ​បំផុត​ក្នុង​អាជីព​របស់ខ្ញុំ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ពាន​រង្វាន់​បន្ទាប់​គឺ​នៅ​ចុង​ឆ្នាំ​នេះ​ ដោយ​វៀតណាម​នឹង​ឈ្នះពាន AFF Suzuki Cup»

«ខ្ញុំ​មាន​អារម្មណ៍​ថា​មានមោទនភាពដែល​បាន​ឈ្នះ​ពាន​រង្វាន់​ដ៏មាន​កិត្តិយស។ ខ្ញុំ​សូមថ្លែង​អំណរគុណ​ដល់ V.League, ក្លឹប​បាល់ទាត់ Quang Nam, មិត្ត​រួមក្រុម និង​អ្នក​គាំទ្រ​ទាំងអស់​ដែល​បាន​គាំទ្រ​ខ្ញុំ និង​វិស័យ​បាល់​ទាត់​នៃប្រទេស​វៀតណាម។

«កាលពី​រដូវកាលមុន ខ្ញុំបាន​ខិត​ខំអស់ពីលទ្ធភាពរាល់​ពេល​ដែល​ខ្ញុំ​ចេញ​ទៅលើទីលាន ប៉ុន្តែខ្ញុំ​មិន​ដែល​គិត​ថា​ខ្ញុំ​អាច​សម្រេច​ជោគជ័យ​ដល់ថ្នាក់​នេះសោះ។»

Photo credit: Quang Nam FC

មតិយោបល់