Watford ច្រានចោលព័ត៌មាននៃការចាកចេញ​របស់ Silva ទៅកាន់ Everton

ក្លឹប Watford បាន​បដិសេធ​នឹង​សំណើ​របស់ Everton ដែល​ចង់​បាន​គ្រូ​បង្វឹក Marco Silva របស់​ពួក​គេ។

គ្រូ​បង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់​រូបនេះ​បាន​មក​ដឹកនាំ​នៅ​ទឹក​ដី Vicarage Road ចាប់​តាំង​ពីរដូវ​ក្តៅ បន្ទាប់​ពី​គាត់​បាន​ចំណាយ​ពេល​ពាក់​កណ្តាល​រដូវកាល​មុន​ដឹកនាំ​ក្លឹប Hull City ទោះ​បីជា​គាត់​មិនអា​ច​ជួយ​ឲ្យ​ពួកគេ​រួចផុត​ពី​ការ​កាត់​ចោល​បាន​ក៏​ដោយ។

ក្រុម Watford បាន​ចាប់ផ្តើម​រដូវកាល​នេះ​បាន​យ៉ាង​ល្អ ក្រោមការ​ដឹកនាំ​របស់​អតី​ត​គ្រូ​ប​ង្វឹកវ័​យ ៤០ ឆ្នាំ​របស់​ក្លឹប Sporting និង Olympiakos ដោយ​ទទួល​បាន​ជោគជ័យ​ចំនួន ៤ ប្រកួត​ក្នុង​ចំណោម ១១ ប្រកួត​នៅ​រដូវកាល​នេះ ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៩ ដែល​មាន ១៥ ពិន្ទុ។

អ្នក​តំណាង​មក​ពី​ពហុ​កីឡាដ្ឋាន Goodison Park បាន​ទាក់ទង​ជាមួយ​ក្រុម Watford កាល​ពីថ្ងៃ​ចន្ទ​នេះ ប៉ុន្តែ​ត្រូវ​បានគេ​ប្រាប់​ទៅ​វិញ​ថា​លោក Silva នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​ក្លឹប​នៅ​រដូវកាល​នេះ​ទេ នេះ​បើតា​មការ​ឲ្យដឹង​របស់​កាសែត The Telegraph ។

មាន​សេចក្តី​រាយការណ៏​ថា គ្មាន​កថា​ខណ្ឌ​ណាមួយ​នៅ​ក្នុង​កុងត្រា​រយៈពេល​ពីរ​ឆ្នាំរ​បស់​លោក Silva ជា​មួយ​ក្លឹប Watford ដែល​បាន​ចែងថា​គាត់​អាច​ចាកចេញ​មុនពេល​ចប់​កុង​ត្រា​ឡើយ។

លោក Silva បាន​ក្លាយជា​គោលដៅ​ចម្បង​រប​ស់​ក្រុម Everton បន្ទាប់​ពី​មាន​ការ​បណ្តេញ​ចេញ​គ្រូ​បង្វឹក Ronald Koeman ។

ក្រុម Everton ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្រោម​ការគ្រប់​គ្រង​បណ្តោះ​អាសន្ន​របស់​គ្រូ​បង្វឹក U23 លោក David Unsworth ទើប​តែ​ស្គាល់​ជ័យជំនះ​មួយ​ប្រកួត​ប៉ុណ្ណោះ​ក្នុង​ចំណោម​បួន​ប្រកួត ដោយ​យក​ឈ្នះ​លើ​ក្រុម Watford របស់​លោក Silva ក្នុង​លទ្ធផល ៣-២។

អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​លោក Sam Allardyce ត្រូវបាន​គេ​និយាយ​ថា​ទំនង​ជា​អាច​មក​កាន់​តំណែង​ទំនេរ​មួយ​នេះ ខណៈ​ពេល​ដែល​លោក Sean Dyche អ្នក​ចាត់​ការទូទៅ​របស់​ក្រុម Burnley ក៏​ត្រូវ​បាន​គេ​លើកឡើ​ងថា​ជា​បេក្ខជន​ម្នាក់​សម្រាប់​តំណែង​គ្រូ​បង្វឹក​នេះ​ដែរ។

មតិយោបល់