Buffon នឹងមិនបដិសេធការកោះហៅក្រុមអ៊ីតាលី

ទោះបីជាបានចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិហើយក៏ដោយ អ្នកចាំទី Gianluigi Buffon របស់ Juventus និយាយថាគាត់នឹងបោះបង់ឱកាសក្នុងការចូលរួមជាមួយក្រុម​អ៊ីតាលី​ម្តង​ទៀតទេ។

បច្ចុប្បន្នក្នុងវ័យ ៣៩ ឆ្នាំ កីឡាករធ្លាប់លើកពាន World Cup បានបញ្ចប់អាជីពជាមួយក្រុមអ៊ីតាលី បន្ទាប់ពីអ៊ីតាលីបរាជ័យក្នុង​ការដណ្តើម​កៅអី​ទៅ​កាន់វគ្គ ៣២ ក្រុមចុងក្រោយនៅ World Cup បន្ទាប់ពីទទួលការបំបាក់ដោយក្រុមស៊ុយអែតដោយលទ្ធផលប្រកៀកប្រកិត។

ជាមួយនឹងការបង្ហាញខ្លួន ១៧៥ ដងឲ្យក្រុមជម្រើសជាតិ Buffon បានសម្រេចចិត្តរួចហើយថាប្រគល់តួនាទីនេះទៅក្មេងជំនាន់ក្រោយ ប៉ុន្តែ​ឥឡូវ​គាត់​បានលើកឡើងផ្ទុយពីមុន។

Buffon បានប្រាប់អ្នករាយការណ៍ព័ត៌មានថា “ខ្ញុំដកឃ្លាបន្តិចចេញពីក្រុមជម្រើសជាតិ ប៉ុន្តែខ្ញុំមិនផ្តាច់ខ្លួនចេញទាំងស្រុងទេ ប្រសិនជាអាចមានការកោះហៅត្រលប់ទៅវិញក្នុងពេលអនាគត​”

“ខ្ញុំដល់វ័យមួយដែលត្រូវគិតគូរ ដូច្នេះវាជាការត្រឹមត្រូវដែលខ្ញុំដកឃ្លាបន្តិច។ អំឡុងពេលនៃអវត្តមានរបស់ខ្ញុំ ហើយប្រសិនបើក្រុមមិនទាន់រក​អ្នក​ចាំ​ទី​ឲ្យពេញចិត្តបាន និងពួកគេហៅខ្ញុំទៅវិញ ខ្ញុំនឹងត្រលប់ទៅវិញ ទោះបីជាពេលនោះខ្ញុំអាយុ ៦០ឆ្នាំក៏ដោយ។”

អ្នកចាំទីវ័យក្មេង Gianluigi Donnarumma របស់ AC Milan ត្រូវបានគេរំពឹងថានឹងចូលជំនួសតំណែងរបស់ Buffon ចំណែកឯអ្នកចាំទី​របស់ Genoa គឺ Mattia Perin វ័យ ២៥ឆ្នាំក៏ពុងរង់ចាំលទ្ធផលផងដែរ។

មតិយោបល់