លោក Guardiola ចង់ឲ្យកីឡាករ Silva ចុះកុងត្រាបន្ត

គ្រូ​បង្វឹក Pep Guardiola ពិត​ជា​ចង់​ឃើញ​កីឡាករ David Silva ចុះ​កុងត្រា​ដើម្បី​បន្ត​នៅលេង​ឲ្យ​ក្លឹប Manchester City ណាស់។

អតីត​ខ្សែ​បម្រើ​របស់​ក្រុម Valencia វ័យ ៣១ ឆ្នាំ​រូបនេះ​កំពុង​រីករាយ​នឹង​ការ​លេង​នៅ​ក្នុងតំណែង​ថ្មី​ជា​ខ្សែ​ប្រយុទ្ធ​កណ្តាល​សម្រាប់​ក្រុម Manchester City នៅ​រដូវកាល​នេះ ដែលកំពុង​នាំ​មុខ​គេ​នៅ​លើ​តារាង Premier League ដោយ​មាន​ប្រាំ​ពិន្ទុ​នៅ​លើ​គូ​ប្រជែង Manchester United ។

ទោះបី​ជា​ខ្សែ​ប្រយុទ្ធ​ជំនាញ​ជើង​ឆ្វេង​រូប​នេះ​ទើប​តែ​ស៊ុត​បាល់​បញ្ចូល​ទីបាន​មួយ​គ្រាប់​នៅក្នុង​ការ​ប្រកួត​ចំនួន ១៧ លើក​នៅ​រដូវ​កាល​នេះ​ក៏​ដោយ ក៏ Silva បាន​ជួយ​ឲ្យ​គេស៊ុ​ត​បញ្ចូលទី​នៅ​ក្នុង​ការ​ប្រកួត​លីក​ចំនួន ៨ លើក​មក​ហើយ។

ក្រោយ​ពី​បាន​លេង​ឲ្យ​ក្លឹប Eibar និង Celta លក្ខណៈ​ខ្ចីជើ​ងរួច​មក កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ​បាន​ផ្ទេរ​មក​កាន់​ក្លឹប Manchester City ក្នុង​ឆ្នាំ ២០១០ ដោយ​បាន​បង្ហាញ​ខ្លួន​ចំនួន ៣២៣ លើក​ឲ្យ​ក្លឹប​នេះ និង​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន ៥២ គ្រាប់។

 

គាត់​បាន​បន្ត​កុងត្រា​រយៈពេល ៥ ឆ្នាំ​ជា​មួយ​ក្រុម City កាល​ពីខែ​សីហា​ ឆ្នាំ ២០១៥ ហើយនៅពេលថ្មីៗ​នេះ​គាត់​បាន​និយាយ​ថា គាត់​ចង់​បន្ត​លេង​នៅក្លឹប​នេះ​ឲ្យ​បាន​មួយ​ទសវត្សរ៍។

លោក Guardiola បាន​ថ្លែង​ទៅកាន់​អ្នក​កាសែត​នៅ​មុន​ជំនួប​ជាមួយ​ក្រុម Southampton នៅ​ថ្ងៃ​ពុធ​នេះ​ថា៖ “យើង​នឹង​រីករាយ​ខ្លាំង​ណាស់ នៅពេល​ដែល​គាត់​សម្រេច​ចិត្ត​ចុះ​កុងត្រា​បន្ត។”

“ក្លឹប​ត្រូវ​ការ​កីឡាករ​ដែល​លេង​នៅ​ទីនេះ​យូរ​មក​ហើយ ដើម្បី​ជួយ​កីឡាករ​ថ្មីៗ​ដូចជា Phil Foden ជា​ដើម​នាពេល​ខាង​មុន។”

“អ្វីដែល​ខ្ញុំ​ពេញចិត្ត​បំផុ​តលើ David ដែល​ជា​កីឡាករ​ម្នាក់​មាន​ភាព​ហ្មត់ចត់ និង​ខ្មាស​អៀនតិច​តួច​នៅក្នុង​ជីវិត​នោះ​គឺ​ការតាំង​ចិត្ត​ក្នុងការ​ប្រកួត​ប្រជែង និង​ការស្រេក​ឃ្លាន​របស់​គាត់ដើម្បី​ទទួល​បាន​ជ័យ​ជំនះ ខណៈពេល​ដែល​រួបគាត់​ជា​ធម្មតា​ចូលចិត្ត​លេង​ដោយ​ប្រើបច្ចេក​ទេស និង​ចែក​បាល់​ច្រើន។”

មតិយោបល់