ការ​ផ្លាស់​ប្តូ​រកីឡាករ​រវាង​ Man Uth និង​ Arsenal ជិត​បញ្ចប់​ហើយ

យោង​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា Henrikh Mkhitaryan បាន​យល់​ព្រម​ចូល​រួម​ជាមួយ Arsenal ហើយ ហើយ​នឹង​ត្រូវ​ធ្វើការ​ពិនិត្យ​សុខភាព​ក្នុង​រយៈពេល ៤៨ ម៉ោង​ទៀត​បន្ទាប់​ពីមាន​កិច្ច​ព្រមព្រៀង​ក្នុងការ​ផ្លាស់​ប្តូរ​កីឡាករ​រូប​នេះ​ជា​មួយ​នឹង Alexis Sanchez ដែល​ត្រូវផ្ទេរ​ទៅ Man Utd វិញ​។

ខ្សែ​បម្រើ Mkhitaryan វ័យ ២៨ ឆ្នាំ​របស់​ក្រុម Manchester United នឹង​ត្រូវ​ធ្វើការ​ពិនិត្យ​សុខភាព​នៅ​ទឹក​ដី Emirates ភ្នាមៗ​ក្រោយ​ពី​កិច្ច​ព្រមព្រៀង​ផ្ទេរ​នេះ​បាន​បញ្ចប់ ប៉ុន្តែ​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​រឿង​នេះ​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​នៅ​ឡើយ​ទេ ដោយ​នៅ​ថ្ងៃសៅរ៍​នេះ​គេគ្រាន់​តែដឹង​ថា​កិច្ច​ព្រមព្រៀង​នេះនឹង​បញ្ចប់​ឆាប់ៗ​នេះ​។

ទូរ​ទស្សន៍ Sky Sports បាន​រាយការណ៍​ថា កិច្ច​ព្រមព្រៀង​នេះ​គឺ​ជា​ការ​ផ្លាស់ប្តូរ​កីឡាករ​ភ្លាមៗ​រវាង​ក្រុម​ទាំង​ពីរ​។

Sanchez បាន​អវត្តមាន​នៅ​ក្នុង​ការ​ប្រកួត​ដែល Arsenal ទទួល​ជ័យ​ជម្នះ​ក្នុង​លទ្ធផល ៤-១ លើ Crystal Palace កាល​ពី​ថ្ងៃ​សៅរ៍​នេះ ជាមួយ​នឹង​របាយការណ៍​នានា​ដែល​បាន​លើកឡើង​ថា គាត់​កំពុង​តែ​ធ្វើ​ដំណើរ​ទៅកាន់ Manchester ។

Wenger បាន​និយាយ​ថា៖ «ខ្ញុំ​មិន​បាន​ដាក់​គាត់​ឲ្យ​ចូល​លេង ដោយសារ​តែ​គាត់​អាច​នឹង​ត្រូវផ្លាស់​ទៅ Manchester United ហើយ​អ្នក​មិន​អាច​ធ្វើដំណើរ​ទៅ​ភាគ​ខាង​ជើង ព្រម​ទាំង​ចូលរួម​ក្នុង​ការ​ប្រកួត​ក្នុង​ពេល​តែ​មួយ​បាន​ទេ​»។

Jose Mourinho គ្រូ​បង្វឹក​របស់ Man Utd បាន​និយាយ​ថា កិច្ច​ព្រម​ព្រៀង​មួយ​នេះ​គឺ «ជិត​បញ្ចប់​ហើយ» បន្ទាប់​ពី​ទទួល​ជ័យ​ជម្នះ ១-០ លើ Burnley កាល​ពី​ថ្ងៃ​សៅរ៍​នេះ​។

គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ក្នុង​ពេល​នេះ យើង​មាន​កីឡាករគ្រប់​គ្រាន់​ហើយ​។ យើង​មាន​ខ្សែ​ប្រយុទ្ធ​បួន​នាក់​សម្រាប់​តំណែង​ប្រយុទ្ធ​ទាំង​បី ដែល​បី​នាក់កំពុង​ចាប់​ផ្តើម​លេង ហើយ​ម្នាក់​ទៀត​នៅ​បម្រុង​»។

«បើ​អ្នក​មើល​ទៅ​តំណែង​ខ្សែ​ប្រយុទ្ធ អ្នក​នឹង​ដឹង​ថា​យើង​ត្រូវការ​ខ្សែ​ប្រយុទ្ធ​មុត​ស្រួចសម្រាប់​លេង​នៅ​ខ្សែ​កណ្តាល​បន្ថែម​ម្នាក់​ទៀត ប៉ុន្តែ​យើង​នៅ​មាន​ដំណោះ​ស្រាយ​បន្ថែមទៀត ដូច្នេះ​យើង​ត្រូវ​រង់ចាំ​មើល​សិន​»។

Manchester United បាន​ទិញ Mkhitaryan ដែល​ស្ថិត​ក្នុង​វ័យ ២៨ ឆ្នាំ​ក្នុង​តម្លៃ​ខ្លួន ២៦.៣ លាន​ផោន​ពី​ក្រុម Borussia Dortmund កាល​ពី​រដូវ​ក្តៅ​ឆ្នាំ ២០១៦ ។

កីឡាករ​ជម្រើស​ជាតិ​មេនីរូប​នេះ​ចូល​លេង​បាន​ចំនួន ៦៣ លើក​ឲ្យ​ក្រុម​បិសាច​ក្រហម ដោយ​ស៊ុត​បញ្ចូល​ទី​បាន ១៣ គ្រាប់​ខណៈពេល​ដែល Sanchez ស៊ុត​បញ្ចូល​ទី​បាន ៨០ គ្រាប់​ក្នុង​ការ​ប្រកួត​ទាំង ១៦៦ លើក​របស់ Arsenal ចាប់​តាំង​ពី​គាត់​ផ្ទេរ​មក​ពី Barcelona ក្នុង​តម្លៃ​ខ្លួន​ត្រឹម​តែ ៣៥ លាន​ផោន​ប៉ុណ្ណោះ​កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៤ ។

មតិយោបល់