Guardiola៖ យើង​មាន​ខ្សែ​ប្រយុទ្ធ​គ្រប់​គ្រាន់​ហើយ

Pep Guardiola បាន​មានប្រ​សាសន៍​ថា ការស៊ុត​ចូល​បី​គ្រាប់​ក្នុង​មួយ​ប្រកួត​របស់ Sergio Aguero កាលពីប្រកួតជាមួយ Newcastle នៅ​ថ្ងៃសៅរ៍​កន្លង​ទៅ​នេះ បញ្ជាក់​យ៉ាង​ច្បាស់​ថា Manchester City មិន​ត្រូ​វការ​ខ្សែ​ប្រយុទ្ធ​ទៀត​ទេ។

កំពូលខ្សែប្រយុទ្ធ​សញ្ជាតិ​អាហ្សង់​ទីន​រក​បាន​ទាំងបីគ្រាប់​ជួយ​ឲ្យ​ City ទទួល​បាន​ជ័យ​ជម្នះ​ឡើង​វិញលើក្រុម Newcastle បន្ទាប់​ City រង​បរាជ័យ​ក្រោយ​ថ្វី​ជើង​ Liverpool កាល​ពីចុង​សបា្តហ៍មុន។​

ក្រោយ​ចប់​ការ​ប្រកួត Guardiola បាន​ធ្វើ​ការ​កោត​សរសើរ​ Aguero ភ្លាមៗ​បន្ទាប់​ពី​មាន​ពាក្យ​លេច​ឮរាប់សប្តាហ៍មកហើយ​អំពី​ការ​ចុះ​កុង​ត្រា​ទិញ​យក​ Alexis Sanchez ពី​ Arsenal ។

Guardiola បាននិយាយថា «យើង​នឹង​មិន​ទិញ​ខ្សែ​ប្រយុទ្ធ​មក​បន្ថែម​ទៀត​ទេ​ ពីព្រោះ​យើង​មាន​គាត់ ​(Aguero) ហើយនៅពីរ​បី​សប្តាហ៍​ទឿត Gabriel (Jesus) នឹង​ត្រឡប់​មក​វិញ»

«Sergio មានទេពកោសល្យពិសេស ពីព្រោះ​គាត់​មិន​បាន​ប៉ះ​បាល់​ទេមុន​គ្រាប់​ទី​មួយ​របស់​គាត់​កើតឡើង  ហើយ​យើង​គ្មាន​ពាក្យ​អ្វី​នឹង​ថ្លែងអំពី​ការ​ចាប់​យក​ទីតាំង​ដ៏ល្អ​ ហើយ​ខ្ញុំ​មាន​ចិត្ត​សប្បាយ​ចំពោះគាត់។

«ក្លឹបតែងតែ​ព្យាយាម​កែលម្អ​ក្រុម​ឲ្យ​បាន​ល្អ និង​ព្យាយាម​ជួយ​កីឡាករ​ទាំង​អស់​មាន​លទ្ធភាព​សម្រេច​គោលដៅ​របស់យើង ប៉ុន្តែ​ បើ​មាន​នរណា​សម្រេច​ចិត្ត​ថា​មិន​ចូល​រួម​ជាមួយ​យើង​ យើង​ក៏​មិនមាន​ការអាក់​អន់​ចិត្ត​អ្វី​ដែរ នេះ​ជា​ពេល​វេលា​ដែល​យើង​ត្រូវ​គិត​ពីអនាគត។»

Guardiola មាន​ការ​សប្បាយ​ចិត្ត​ជា​ពិសេស​ជាមួយ​ការ​ឆ្លើយ​តប​របស់កូនក្រុមរបស់គាត់សម្រាប់​បរាជ័យ ៤-៣ នៅទឹកដី Anfield ហើយ​បាន​និយាយ​ថាពួកគេ​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ដែល​​យល់​ថា​លទ្ធផល​នេះ​នឹង​នាំ​ឲ្យក្រុម​ទាំងមូល​ធ្លាប់​ទម្រង់​លេង​ លែង​ហ៊ាន​មាត់​។

«ខ្ញុំ​បាន​និយាយ​ក្រោយចប់​ការប្រកួត (ពេលប៉ះ​ជាមួយ Liverpool) ថា យើង​ត្រូវ​ការ​លទ្ធផល​បែប​នេះ​ ដើម្បី​ឲ្យ​យើង​បាន​ដឹង​នូវ​អ្វី​ដែល​យើង​បាន​ធ្វើ និង​របៀប​ដែល​យើង​រត់​ និង​ប្រយុទ្ធ​ចំពោះ​ក្រុម​ដែល​លេង​របៀប​ការពារ​ទាំង ១០ ឬ ១១ នាក់​នៅ​ក្នុង​ប្រអប់។

«ជារួម​​គឺ​ខ្ញុំ​ពេញ​ចិត្ត​នឹង​ទម្រង់​លេង​នេះ។ ក្រោយ​ពី​រង​បរាជ័យអ្នក​​នឹង​ត្រូវ​គិត​តិចតួច​ថា​ត្រូ​វ​មាន​ប្រតិកម្ម​បែប​នា​ ហើយ​នឹង​ត្រូវ​គិត​ថា​ធ្វើ​អ្វី​ទៀត​ប្រសិន​បើ​អ្នក​ចាញ់​ទាំងពីរ​ប្រកួត​ជាប់ៗគ្នា។

«ហេតុ​នេះ​ហើយ​ធ្វើ​ឲ្យ​វា​ជារឿង​សំខាន់។ ឥឡូវ​នេះ​យើង​មាន​ប្រកួត​ពីរ​ក្នុង​ដៃ Carabao Cup និង (FA) Cup វាជា​ការ​ប្រកួត​​ដែល​យើង​ត្រូវ​យក​ឈ្នះ។ បើ​គិត​តាម​គណិតវិទ្យា យើង​ត្រូវ​ការ​យក​ឈ្នះ ១០ ដងដើម្បី​អាច​ក្លាយ​ជាជើងឯក ហើយ​យើង​នឹង​ព្យាយាម​យក​ឈ្នះ​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត។

មតិយោបល់