Hamburg បណ្តេញ​គ្រូ​​បង្វិក Markus Gisdol

ក្រោយចាញ់ក្លិបបាតតារាង Cologne ២-០ កាលពីថ្ងៃសៅរ៍ នេះ ក្លិប Hamburg បានបណ្តេញគ្រូបង្វិកខ្លួនគឺលោក​ Markus Gisdol ដែល​ពេលនេះក្លិបនេះមានតែ​ ៣ ពិន្ទុលើក្លិបបាតតារាង Bundesliga ប៉ុណ្ណោះ។

គ្រូបង្វិកអាល្លឺម៉ង់រូបនេះធ្លាប់បានជួយឲ្យក្លិបរួចខ្លួនពីការកាត់ចេញពីលីគកំពូលកាលពីរដូវកាល ២០១៦/២០១៧ ដោយរក្សាបានត្រឹមលេខរៀងទី ១៤ ក្នុងតារាង តែមកដល់រដូវកាល ២០១៧/២០១៨ ក្លិបក៏ប្រវេប្រវាជាថ្មីម្តងទៀត ហើយកាន់តែធ្លាក់ទៅៗ ទើបធ្វើឲ្យក្លិបចាប់ផ្តើមរកអ្នកថ្មីមកជំនួស។

ប្រធានក្លិប Hamburg លោក Heribert Bruchhagen មានប្រសាសន៍ថា “គ្មានអ្នកណាម្នាក់ចង់ចែកផ្លូវគ្នាជាមួយគ្រូបង្វិកមុនកាលកំណត់នោះទេ ប៉ុន្តែយើងជឿថាប្រសិនបើចង់រក្សាគោលបំណងរបស់យើងក្នុងការឈរជើងនៅលីគកំពូលនោះវាគ្មានអ្វីក្រៅពីរកអ្នកថ្មីមកជំនួសនោះទេ”។ “យើងនឹងប្រាប់ថាអ្នកណាជាអ្នកស្នងគាត់នាពេលឆាប់ៗនេះ គឺយើងដឹងថាអ្នកណាត្រូវមកជំនួសហើយ គ្រាន់យើងត្រូវការពេលខ្លះដើម្បីរៀបចំការងារផ្លូវការ។

Gisdol ដែលពេលនេះមានវ័យ ៤៨ ឆ្នាំ ដែលត្រូវបានតែងតាំងជាគ្រូបង្វិកកាលពីខែ កញ្ញា ២០១៦ បានដឹកនាំកាប្រកួតឲ្យក្លិបចំនួន ៥២ ប្រកួតហើយ ដោយឈ្នះបាន ១៦ ដង ស្មើ ១០ ដង និងចាញ់ ២៦ ដង។

ក្លិបដែលឈរនៅ​លេខរៀងទីពីររាប់ពីក្រោមនេះ ជាក្លិប​សមាជិកដំបូងគេ​នៃក្របខណ្ឌ Bundesliga ដែលមិនធ្លាប់ត្រូវបានកាត់ចេញពីលីគកំពូលនេះឡើយ។ ជំនួបបន្ទាប់គឺ RB Leipzig!

មតិយោបល់