Wenger ថា ការចុះកុងត្រាថ្មីជាមួយ Ozil គឺអាចចំណាយអស់តិចបំផុត!

Arsene Wenger ជឿ​ថា Arsenal បាន​ជ្រើសរើស​យក​ជម្រើស​ក្នុង​ការចំណាយ​អស់​តិច​បំផុត តាម​រយៈ​ការ​ចុះ​កុងត្រា​ថ្មី​ជាមួយ Mesut Ozil ដោយ​ផ្តល់​ជូន​ប្រាក់​ឈ្នួល ៣៥០.០០០ ផោន​ក្នុង​មួយ​សប្តាហ៍​នៅ​ទឹក​ដី Emirates ។

Ozil បាន​បញ្ចប់​មន្ទិល​សង្ស័យ​រយៈពេល​ជា​ច្រើន​ខែ​ពាក់ព័ន្ធ​នឹង​អនាគត​របស់​គាត់​ដោយ​ធ្វើការ​ចុះ​កុងត្រា​ថ្មី​រយៈពេល​បី​ឆ្នាំ​កន្លះ​នៅ​សប្តាហ៍​នេះ បន្ទាប់​ពី​កុងត្រា​ចាស់​របស់​គាត់​បានផុត​កំណត់​នៅ​រដូ​វក្តៅ​។

ប៉ុន្តែ​ទោះ​បី​ជា Ozil បាន​ក្លាយ​ជា​កីឡាករ​ដែល​មាន​ប្រាក់ខែ​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ Arsenal ក៏​ដោយ​ក៏ Wenger ជឿ​ថា វា​នៅតែ​ប្រសើរ​ជាង​ការ​ប្រលូក​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ដើម្បី​រក​អ្នក​ថ្មី​ជំនួស​ដែរ​។

គាត់​បាន​និយាយ​ថា៖ «នៅពេល​អ្នក​លក់​កីឡាករ​ម្នាក់​ចេញ អ្នក​ត្រូវតែ​ទិញ​កីឡាករ​ដែលមាន​សមត្ថភាព​ដូចគ្នា​ម្នាក់​មក​ជំនួស​វិញ ហើយ​ប្រសិនបើ​អ្នក​តំឡើង​ប្រាក់​ឈ្នួល​ដែល​គេចង់​បាន គឺ​វា​ដូច​តែ​គ្នា​ទេ​»។

«លើស​ពីនេះ​ទៅ​ទៀត យើង​ត្រូវ​បង់ថ្លៃ​ធ្វើការ​ផ្ទេរ​ទៀត។ ដូច្នេះ​ជា​រួម​ខ្ញុំ​គិត​ថា Mesut សម្រាប់​យើង​គឺ​ជា​ជម្រើស​ដែល​យើង​ចំណាយ​អស់​តិច​បំផុត​»។

ជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ Ozil ដែល​នៅ​នឹង​ក្លឹប​ស្រាប់ ព្រម​ទាំង Henrikh Mkhitaryan និង Pierre-Emerick Aubameyang ដែល Arsenal បាន​ទិញ​មក​នៅ​ខែ​មករា​នេះ Wenger ពេលនេះ​មាន​ពិត​ជា​សំបូរ​ទៅដោយ​ខ្សែ​ប្រយុទ្ធ​ជា​ច្រើន​សម្រាប់​ចាប់​ដៃ​គូ​ជាមួយ Alexandre Lacazette ។

ហើយ​គាត់​ក៏បាន​បន្ថែម​ទៀត​ថា ខ្សែ​ប្រយុទ្ធ​ទាំងបួន​នាក់​នេះ​អាច​នឹង​មាន​ឱកាស​ក្នុង​ការលេង​ជាមួយ​គ្នា​មិន​ខាន​។

Wenger បាន​បន្ថែម​ថា៖ «ខ្ញុំ​នឹង​ព្យាយាម​រក​វិធី​ដើម្បី​ឲ្យ​ពួកគេ​មាន​ឱកាស​បាន​លេង​ជាមួយ​គ្នា។ យើង​មាន​ការប្រកួត​ជា​ច្រើន ដែល​អ្នក​គ្រប់គ្នា​នឹង​មាន​ឱកាស​ចូល​លេង​ទាំងអស់​គ្នា​។ វានឹង​អាច​ទៅ​រួច​ជា​និច្ច។ ខ្ញុំ​ប្រហែល​ជា​បង្កើត​ឱកាស​នេះ តែ​ខ្ញុំមិន​ទាន់​ដឹង​ច្បាស់​ទេ។ ប៉ុន្តែខ្ញុំ​គិត​ថា​វា​អាច​ទៅ​រួច​»។

«អ្នក​ត្រូវការ​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​ពីរនាក់​សម្រាប់​ក្រប​ខណ្ឌ Premier League ព្រោះ​ប្រសិនបើ​មាន​ម្នាក់​រង​របួស នោះ​អ្នក​នឹង​មាន​បញ្ហា​មិន​ខាន»។

«តើ​ខ្ញុំ​ចង់​ឈ្នះ ៤-៣ មែន​ទេ? នោះ​មិនមែន​ជា​អ្វី​ដែល​ខ្ញុំ​ចង់​បាន​នោះ​ទេ ខ្ញុំ​ចង់​បាន​បួន និងមិន​ចង់​បាន​បី​ទេ​»។

មតិយោបល់