តើ Sir Alex Ferguson បន្សល់​ទុក​ស្នាដៃ​អ្វី​ខ្លះ​​ក្នុង​​វិស័យ​កីឡា​​បាល់​ទាត់?

បើគេនិយាយអំពី Sir Alex Ferguson អ្នកដែលស្នេហាវិស័យកីឡាបាល់ទាត់ប្រាកដជាស្គាល់គាត់ភ្លាមថាលោកជាអ្នកណា? មានដើមកំណើតនៅប្រទេសស្កុតឡែននាទីក្រុងក្លាស្ក័វ បុរសដែលមានវ័យ ៧៦ឆ្នាំរូបនេះធ្លាប់បានប្រឡូកក្នុងវិស័យបាល់ទាត់តាំងតែពីវ័យជំទង់មកម៉្លេះពោលគឺនៅអាយុ ១៦ឆ្នាំ។

Sir Alex ធ្លាប់​លេងក្នុងតួនាទីជាខ្សែប្រយុទ្ធ ឲ្យ​ក្លិបមួយចំនួនរួមមាន៖

១. ក្លិប Queen Park ពីឆ្នាំ ១៩៥៧ ដល់ ១៩៦០ ដែលលេងបាន ៣១ប្រកួត និងស៊ុតបញ្ចូលទីបាន ១៥គ្រាប់។

២.​​ ក្លិប ST Jonhstone ពីឆ្នាំ ១៩៦០ ដល់ ១៩៦៤ ក្នុងនោះគាត់លេងបាន ៣៧ប្រកួត និងស៊ុតបញ្ចូលទីបាន ១៩គ្រាប់។

៣. ក្លិប Dunfermline Athletictone ពីឆ្នាំ ១៩៦៤ ដល់ ១៩៦៧ ដែលលេងបាន ៨៩ប្រកួត និងស៊ុតបញ្ចូលទីបាន ៦៦គ្រាប់។

៤. ក្លិប Rangers ពីឆ្នាំ ១៩៦៧ ដល់ ១៩៦៩ លេងបាន ៤១ប្រកួត និងស៊ុតបញ្ចូលទីបាន ២៥គ្រាប់។

៥. ក្លិប Falkirk ពីឆ្នាំ ១៩៦៩ ដល់ ១៩៧៣ លេងបាន ៩៥ប្រកួត និងស៊ុតបញ្ចូលទីបាន ៣៧គ្រាប់។

៦. ក្លិប Ayr United ដែលជាក្លិបចុងក្រោយពីឆ្នាំ ១៩៧៣ ដល់ ១៩៧៤ លេងបាន ២៤ប្រកួត និងស៊ុតបាន ៩គ្រាប់។

លោកក៏ជាអតិតកីឡាករជម្រើសជាតិស្កុតឡែនផងដែរ ដោយបានចូលរួមប្រកួតចំនួន ១០ប្រកួត និងបានស៊ុតបញ្ចូលទីបានចំនួន ១១គ្រាប់ផងដែរ។

បន្ទាប់ពីបញ្ចប់អាជីពជាកីឡាករបាល់ទាត់នៅវ័យ ៣៣ឆ្នាំលោកក៏បានបន្តអាជីពជាអ្នកដឹកនាំក្រុមបាល់ទាត់វិញម្តង នៅក្នុងវ័យដដែល ដោយចាប់ផ្តើមបង្វឹកនិងគ្រប់គ្រងក្លិបមួយចំនួនដូចជា៖

១. ក្លិប East Stirlingshire ឆ្នាំ១៩៧៤ ជាក្លិបដំបូងរបស់គាត់ក្នុងនាមជាគ្រូបង្វឹកនឹងអ្នកចាត់ការ។

២. ក្លិប St Mirren ចន្លោះពីឆ្នាំ ១៩៧៤​ ដល់ ១៩៧៨ ដោយលោកជួយឲ្យក្លិបនេះឈ្នះពានរង្វាន់ Scottish First Division នៅរដូវកាល ១៩៧៦។

៣. ក្លិប Aberdeen ចន្លោះពីឆ្នាំ ១៩៧៨ ដល់ ១៩៨៦ នៅជាមួយក្លិបនេះលោកបានជួយឲ្យពួកគេឈ្នះពានរង្វាន់ Scottish Premier Division ចំនួន ៣ដង ឈ្នះពាន Scottish Cup ៤ដង UEFA Cup winner Cup និង UEFA Super Cup ១ដង។

៤. បង្វឹកក្រុមជម្រើសជាតិ ស្កុតឡែន បាន ១ដែរ គឺក្នុងឆ្នាំ ១៩៨៥ និង ១៩៨៦។

៥. ក្លិប Manchester United ដែលជាក្លិបជោគជ័យបំផុត ចាប់ពីឆ្នាំ ១៩៨៦ ដល់ ២០១៣។  នៅ​ទីនោះគាត់បានសាងស្នារដៃដ៏ធំធេងជាលក្ខណៈប្រវត្តិ​សាស្រ្តដោយបាន​ជួយ​ឲ្យក្លិបដែល​មាន​រហ័ស​នាម​បិសាច​ក្រហមឈ្នះពានរង្វាន់ Premier League ១៣ដង ពានរង្វាន់ FA Cup ៥ដង League Cup ៤ដង FA Community Shield ១០ដង UEFA Champions League ២ដង UEFA Cup winner Cup ១ដង UEFA Super Cup ១ដង Intercontinental Cup ១ដង FIFA Club World Cup ១ដង។

Sir Alex Ferguson លើកពាន​នៅពេលក្រុមរបស់គាត់​ឈ្នះ​ពាន Scottish Cup នៅខែ ឧសភា ឆ្នាំ ១៩៨២

សម្រាប់ពានរង្វាន់ផ្ទាល់ខ្លួន Sir Alex Ferguson បានឈ្នះ​រហូតដល់ទៅជាង ១០០ពានឯណោះ។ តើប្រិយមិត្តអាចរកអ្នកដែលមានស្នារដៃក្នុងវិស័យបាល់ទាត់ជាងបុរសដែលមានងារជា Sir  ដែលផ្តល់​ដោយ​ម្ចាស់ក្សត្រី​អង់​គ្លេស​នេះ​ដែរ​ ឬ ទេ?​ តើមានស្នាដៃអ្វីទៀតដែលអ្នកបានដឹងអំពីលោក? លោកអ្នកអាចជួយបន្ថែមនឹងចែករំលែកដល់ប្រិយមិត្ត​បាល់ទាត់របស់យើង​ឲ្យបាន​ដឹង​ទាំង​អស់​គ្នាផងដែរ។

មតិយោបល់