Conte មិន​ទិញ​កីឡាករ​ល្អ​ទេ តែ​អាច​បណ្តុះ​បណ្តាល​ពួក​គេ​ឲ្យ​ល្អ​បាន!

Antonio Conte គ្រូ​បង្វឹក​របស់ Chelsea បាន​សារ​ភាព​ថា គាត់​មាន​រឿង​ជា​ច្រើន​ដែល​ត្រូវរៀន​ពី​ការទិញ​កីឡាករ​ថ្មី​ចូល ប៉ុន្តែ​គាត់​មាន​ជំនាញ​ខ្ពស់​ក្នុងការ​បណ្តុះ​បណ្តាល​កីឡាករ​ដែល​គាត់​មាន​ស្រាប់។

អ្នក​ចាត់ការ​ទូទៅ​សញ្ជាតិ​អ៊ីតាលី​នេះ​ត្រូវបាន​គេ​រាយការណ៍​មក​ថា គាត់​មិន​សប្បាយ​ចិត្តនឹង​ដំណើរការ​នៃ​ការ​ជ្រើសរើស​កីឡាករ​ថ្មី​ឡើយ ខណៈពេល​ដែល​អ្នក​ផ្សេង​នៅ Stamford Bridge ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​ទិញ​នេះ​។

ថ្លែង​នៅមុន​ការប្រកួត​នៅ Premier League នៅ​ថ្ងៃ​ចន្ទ​ជាមួយ​នឹង West Brom លោក Conte បាន​និយាយ​ថា គាត់​មិន​មាន​អ្វី​ច្រើន​ដែល​ត្រូវ​និយាយ​អំពី​កីឡាករ​ថ្មី​ដែល​ត្រូវ​ចូល​រួម​ជា​មួយ​ក្រុម​ឡើយ​។

Conte បាន​និយាយ​ថា «ជា​ធម្មតា​តាម​បទពិសោធន៍​របស់​ខ្ញុំ ខ្ញុំ​អាច​ទទួល​បាន​លទ្ធផល​ដ៏​ល្អ​បំផុត​ជាមួយ​កីឡាករ​ដែល​ខ្ញុំ​មាន​»។

«ខ្ញុំ​គិត​ថា ខ្ញុំជា​ប្រភេទ​គ្រូ​បង្វឹក​ដែល​ជួយ​បណ្តុះ​បណ្តាល​កីឡាករ​ឲ្យ​កាន់​តែខ្លាំង​បន្ថែម​ទៀត។ ប្រសិន​បើ​កីឡាករ​នោះ​ស្ថិត​ក្នុង​កម្រិត ៦/១០ ខ្ញុំនឹង​ជួយ​គាត់​ឲ្យ​រីក​ចម្រើន​ដល់​កម្រិត ៨/១០។ ប្រសិនបើ​ខ្ញុំ​មាន​កីឡាករ​ដែល​មាន​កម្រិត ៨/១០ ខ្ញុំ​នឹង​ជួយ​គាត់​ឲ្យ​ឈាន​ដល់កម្រិត ១០/១០ តែ​ម្តង​។ ខ្ញុំជា​គ្រូ​បង្វឹក​ប្រភេទ​នេះ​ឯង​»។

«ភារកិច្ច​របស់​ខ្ញុំ​គឺ​រឿង​នេះ ហើយ​សម្រាប់​នេះ​ខ្ញុំ​ពិតជា​ជំនាញ​ណាស់។ ប៉ុន្តែ​ខ្ញុំ​គិតថា​ខ្ញុំ​មិនសូវ​ចេះ​បញ្ចុះបញ្ចូល​ក្លឹប​ឲ្យ​ទិញ​កីឡាករ​ឡើយ​។ ខ្ញុំគិត​ថា ចំពោះ​រឿង​នេះ​ខ្ញុំ​អាច​ធ្វើការ​កែលម្អ​បាន​ច្រើន​»។

«ខ្ញុំ​ត្រូវ​រៀន​សូត្រ​ច្រើន​ពី​គ្រូ​បង្វឹក និង​អ្នក​ចាត់​ការទូទៅ​ដទៃ​ផ្សេង​ទៀត​ពាក់​ព័ន្ធ​នឹង​រឿងនេះ។ ខ្ញុំត្រូវ​តែ​ធ្វើការ​ពិភាក្សា​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​ជាមួយ​អ្នក​ចាត់ការ​ទូទៅ​ដែល​មានភាព​ប៉ិនប្រសប់​ខ្លាំង​ក្នុង​ការ​បញ្ចុះ​បញ្ចូល​ក្លឹប​របស់​ពួកគេ​ឲ្យ​ចំណាយ​លុយ​ទិញ​កីឡាករ​លំដាប់​កំពូលៗ»។

ក្រុម​តោខៀវ​ត្រូវ​ការជ័យ​ជម្នះ​ពេល​ប៉ះ​ជា​មួយ Baggies (West Brom) បន្ទាប់​ពី​ទទួលបរាជ័យ​ទាំងពីរ​ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ​ក្រោម​ថ្វី​ជើង​របស់ Bournemouth និង Watford ។

មតិយោបល់