វឌ្ឍនាកា ចាប់​ផ្តើម​បង្ហាញ​ថាគេ​ជានរណាហើយ​

John Duerden ធ្វើការ​វិភាគ​លើការ​ឆ្លើយ​តប​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់ចាន់ វឌ្ឍនាកា ចំពោះ​ការ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្តី​ពី​សំណាក់​គ្រូបង្វឹក​របស់ Pahang លោក Dollah Salleh ។

អ្នកប្រាកដ​ជាមិនសូវ​ឧស្សាហ៍បាន​ឮ​គ្រូបង្វឹក​បាល់​ទាត់​ធ្វើ​ការ​រិះគន់​កីឡាករ​ថ្មី ដូចអ្វី​ដែល​គ្រូ​បង្វឹក​របស់ Pahang លោក Dallah Salleh បាន​ធ្វើ​ចំពោះ​វឌ្ឍនាកាកាលពីសប្តាហ៍​មុន​នោះ​ទេ។ អីតតគ្រូបង្វិកក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​ត្រូវ​បាន​គេស្គាល់​ថា​ជាមនុស្ស​ដែល​មិន​សូវ​បារម្ភ​ច្រើន និង​មានចរិតបែបកំប្លុកកំប្លែងទៀតផង ប៉ុន្តែអ្វី​ទាំងនេះ​គឺ​ជារនាំង​បិទ​បាំង​ធាតុ​ពិត​របស់គាត់ប៉ុណ្ណោះ​។ នៅពេល​ដែលសួរ​អំពី​កីឡាករ​ថ្មី​មក​ពីកម្ពុជា គ្រូបង្វឹករបស់ Pahang មិន​បាន​និយាយ​ដោយ​ចំៗ​ចំពោះ​វឌ្ឍនាកា នោះទេ។

«គាត់​ជាកីឡាករល្អ ឬក៏​អាច​ថាធ្លាប់ជាកីឡាករល្អ»។ «បើ​មើលតាម​ការ​ប្រកួត​ទាំង​ពីរលើក​កន្លងមកសម្រាប់​រដូវកាលនេះ គាត់​មិនទាន់​បង្ហាញ​ទម្រង់​លេង​បានល្អ​ដល់​កម្រិត​មួយ​ដែល​អាច​ទទួល​យក​បាននៅឡើយទេ។» គាត់​បាន​បន្ថែម​ថា «ខ្ញុំ​សង្ឃឹម​ថាគាត់​អាចបង្កើន​ទម្រង់​លេង​បានល្អសម្រាប់​ប្រកួតបន្ទាប់»។ «ខ្ញុំ​ដឹង​ថា​គាត់​គឺ​ជាកីឡាករល្អ។ ខ្ញុំ​ដឹង​ថា​គាត់​មានគុណភាព​ល្អ​ដូច​ដែល​ខ្ញុំ​ធ្លាប់​ឃើញគាត់​លេង​ពីមុន។ គាត់​ធ្លាប់​ជាកីឡាករ​ដែលខ្លាំង​តែខ្ញុំ​មិនដឹង​ថា​មានអ្វី​កើតឡើង​នោះទេ។»

ការ​បញ្ចេញ​មតិ​រិះគន់​បែប​នេះ​គឺ​ស្មើ​នឹង​ការ​ភ្នាល់​ល្បែង​អញ្ចឹងដែរ ព្រោះ​យើង​មិន​អាច​ដឹង​ថា​កីឡា​ករ​នឹង​ធ្វើ​ការ​ឆ្លើយ​តបបែប​ណា​ចំពោះ​មតិនោះទេ។ ការ​នេះ​ក៏​ឆ្លុះបញ្ចាំងឲ្យ​ឃើញ​ពី​សម្ពាធ​ដែលទទួល​ដោយ​គ្រូបង្វឹកដែល​ធ្វើការ​នៅ​ម៉ាឡេស៊ី​នៅពេល​ណា​​ដែល​លទ្ធផល​ពុំ​សម​តាម​បំណង។ ក្រុមរបស់គាត់​ទើប​តែ​លេង​បាន​ពីរ​ប្រកួត​ប៉ុណ្ណោះ ប៉ុន្តែ​មួយពិន្ទុ​គឺ​មិន​មែន​ជា​អ្វី​ដែល​ Pahang ចង់​បាន​ទេ។ យើង​មិន​ដឹង​ថា​នៅក្នុង​គណនី​ធានាគា​របស់​គ្រូបង្វឹក​រូប​នេះ​មាន​ឥណទាន​អ្វីខ្លះ​ទេ ដោយ​សារ​តែ​គាត់​ត្រូវ​បាន​គេព្យួរ​ការងារ​ជាច្រើន​ដង​​រួចមកហើយ​ពីរដូវកាលមុន​ដោយ​សារ​ការ​បញ្ចេញ​មតិ​លើ​អាជ្ញាកណ្តាល។ យើង​គ្រប់​គ្នា​ដឹង​ហើយ​ថា​អាជីព​ជាគ្រូបង្វឹក​នៅ​ប្រទេស​ម៉ាឡេស៊ី​គឺ​ផុយ​ស្រួយ​ណាស់​ ដែល​ពួកគេ​អាច​នឹង​បាត់​បង់​ទៅ​វិញភ្លាមៗ​នៅ​ពេល​រដូវ​កាល​ចាប់​ផ្តើម​ក៏​មាន។ ពីរប្រកួត​ហើយ​មិន​ទាន់​ស្គាល់​ពាក្យ​ថាឈ្នះ នោះ​សម្ពាធ​ប្រាកដ​ជាកើត​មាន​មិនខាន។ នេះ​ហើយ​គឺ​ជា​ជីវិត​ជាគ្រូបង្វិក​នៅ​លីគកំពូល​ម៉ាឡេស៊ី។​

មតិរិះគន់​នេះ​ក៏​បាន​ធ្វើ​ឲ្យ ចាន់​ វឌ្ឍនាកា រង​សម្ពាធ​មិនតិច​ដូចគ្នា។ គាត់​អាច​ជាតារា​កំពូល​ប្រចាំ​កម្ពុជា​ ប៉ុន្តែ​អ្វី​ទាំងអស់​នោះ​ប្រហែល​ជាគ្មាន​ទេសម្រាប់គាត់​នៅ​ម៉ាឡេស៊ី។ មិន​ថាខ្លាំង ឬខ្សោយទេ វឌ្ឍនាកា​ត្រូវ​តែ​បញ្ចេញសមត្ថភាព​ឲ្យ​អស់​នៅពេល​នេះ។ ក្នុងការប្រកួត​ពីរលើកដំបូង Pahang ស្មើ​ក្នុងទឹកដី​ជាមួយ Perak រីឯប្រកួតទីពីរ Pahang ចាញ់ PKNS ក្នុងលទ្ធផល ១-០ ដែល​នេះ​ជា​បរាជ័យ​ដ៏​គួរ​ឲ្យឈឺចាប់។ CV11 ពេល​នោះ​គឺ​​មិន​មែន​លេ​ង​មិន​បាន​ល្អ​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​មើល​ទៅរាងភាំង​ៗ​បន្តិច និង​ខ្វះ​ជំនឿចិត្ត នេះ​ដោយ​សារ​តែ​គាត់​ខាន​បាន​ចូល​ប្រកួត​អស់​ជិត​ ១២ ខែ​មកហើយ។ កាលពី​គាត់​ត្រូវបាន​ខ្ចីជើង​ទៅ​លីគ​លំដាប់ទី ៣ របស់ជប៉ុន​ក្នុង​ឆ្នាំ ២០១៧  គាត់​ត្រូវ​បាន​គេ​បំភ្លេច​ទាំងស្រុង។ គាត់​មាន​ឱកាស​ចូល​លេង​នៅ​ពេល​ដែល​រដូវ​កាល​បញ្ចប់​ទៅហើយ។

កីឡាកររូបនេះកំពុង​មាន​ជំនឿ​ចិត្ត​ទាប​ជារឿង​អាច​យល់បាន ហើយការផ្តល់​​ពេល​វេលា​សម្រាប់​រូបគេ​ខ្លះ​អាចនឹង​​ជួយគេ​បាន ព្រោះថា​យ៉ាង​ណា​ក៏​នេះជា​ប្រទេសថ្មី និង​ជាលីគ​ថ្មីសម្រាប់រូបគេ​ផងដែរ។ គេ​មិន​ចេះ​ភាសា​ម៉ាឡេស៊ីទេ ហើយ​បើទោះបីជា​ប្រទេស​ម៉ាឡេស៊ី​មាន​វប្បធម៌ខ្លះ​ប្រហាក់​ប្រហែល​គ្នា នឹងកម្ពុជា​ ក៏ដូចជា​តំបន់​ភូមិសាស្ត្រជិត​ជាង​ជប៉ុនក្តី ក៏​វានៅ​តែ​ជាបរទេសសម្រាប់រូបគេដែរ។

អ្វីដែល​នឹង​ជំរុញទឹកចិត្ត​នោះ​គឺ​ជាការឆ្លើយតបទៅ​នឹង​សម្តីរបស់គ្រូ​បង្វិក Dollah ដែល​លើក​ពីការ​ខិតខំអស់​ពី​សមត្ថភាពសម្រាប់រដូវកាលនេះ​ដូចជានៅ​ពេល​ប្រកួត​ដែល​ជួយ​ឲ្យ​ក្រុម​យក​ឈ្នះក្នុង​លទ្ធផល ៣-០ លើក្រុម Kelantan ។ គេលេង​ដូចជាមាន​ថាមពល​ជាងមុន មុតស្រួចជាងមុន និង​ស្រេកឃ្លាន​បាល់​ជាងមុន។ អ្នកគាំទ្រ​នៅ​ប្រទេសរបស់គេ​ចង់​ឃើញ​គេ​រកគ្រាប់បាល់​បាន ឬ បញ្ជូនបាល់ ដែល​រូបគេ​មិន​ទាន់ធ្វើបាននៅឡើយ តែនេះជា​ជំហាន​ដ៏ត្រឹមត្រូវមួយហើយ។ ប្រសិន​បើ​រូបគេ​កាន់​តែ​លេង​បាន​ប្រសើរ​ឡើង​នៅក្នុង​ការ​ប្រកួត​លីគ​បន្ទាប់​ពេលជួបតទល់​នឹង Selangor នោះកេរ្តិ៍ឈ្មោះរបស់គេ​នឹង​កាន់​តែ​ល្អមិនខាន។

តែវាសំខាន់​ណាស់​ដែល​យើង​ត្រូវ​ដឹង​ថា​ទាំងអស់នេះមាន​ន័យ​អ្វីខ្លះ​សម្រាប់​កីឡាករ។ នៅជប៉ុន​វិញ គេ​ពុំសូវចាប់អារម្មណ៍​នឹង​កីឡាករ​ខ្សែប្រយុទ្ធនេះទេ។ គេ​មិន​បាន​លេង ហើយ​មាន​ការ​ចាប់អារម្មណ៍​តិច​តួច។ ពុំមាន​ការ​រិះគន់ជាសាធារណៈអំពី​ការ​លេង​របស់គេ​នោះទេ។ នោះមិន​មែន​មក​ពី​ជប៉ុន​មិន​ចេះ​រិះ​គន់​នោះទេ តែ​មក​ពី​គេ​មិន​ដែល​បាន​លេង​​ដែលអាច​ត្រូវ​រងការ​រិះគន់នោះ។

ពេល​នេះ​ វឌ្ឍនាកា ដឹង​ថា​អ្វីដែល​ដែល​មាន​ន័យ​ថា​ជាកីឡាករសំខាន់​ម្នាក់​ហើយ។ ការដែលត្រូវបាន​គេ​ប្រាប់​ជាសារធារណៈឲ្យ​ខំកែលម្អ វាមិន​មែនជារឿង​ងាយស្រួលនោះទេ តែ​វា​ជាពេល​វេលា​មួយ​ដែល​អ្នក​ត្រូវ​តែ​ឆ្លើយតបវិញ។ នេះជាពេលវេលា​ដែលអ្នកត្រូវបង្ហាញ​ថា​តើ​អ្នក​ជានរណា ចេញមកពីណា។ នេះជា​ឧបស័គ្គ​ដែល​អ្នក​ត្រូវ​ដោះ​ស្រាយ និង​ត្រូវក្លាយ​ជា​កីឡាករ​ពូកែមួយរូប​នៅទីនេះ​ផងដែរ។ ប្រសិន​បើ​កីឡការ​រូបនេះ​នៅ​លេង​នៅ​ទឺកដីមាតុភូមិវិញ រឿង​ទាំងអស់នេះ​នឹង​មិន​កើត​មាន​ឡើង។

នេះ​ហើយ​ជាហេតុដែល​កីឡការ​ទាំងអស់គួ​រត្រូវលើកទៅចិត្ត​ឲ្យ​បាន​លេង​នៅ​ក្រៅប្រទេស។ វាហាក់​មិន​ជាយុត្តិធម៌ប៉ុន្មាន​នោះទេ ដែល​រូបគេ​ត្រូវបាន​រិះគន់បែបនេះ​ក្រោយទើបតែលេងបាន​ពីរ​ប្រកួត​ប៉ុណ្ណោះ តែនេះជា​អ្វីដែល​ត្រូវតែកើត​ឡើង​នៅ​ពេល​អ្នក​មាន​ឈ្មោះបោះសំឡេង​។ អ្នកត្រូវ​តែ​ប្រជែង​វា​ឲ្យបាន និង​បង្ហាញថា​អ្នកជាអ្នកណា។

មានសញ្ញាណជាច្រើន​ដែល​បញ្ជាក់​ថា​ ចាន់ វឌ្ឍនាកា កំពុង​តែ​ឆ្លើយ​តប​ទៅនឹង​ការរិះគន់ ហើយ​ប្រសិន​បើ​គេ​ជោគជ័យ​នៅ​ម៉ាឡេស៊ីមែន នោះ​អ្វីដែល​បាន​កើត​ឡើង​កាល​ពី​ប៉ុន្មានថ្ងៃមុន​គឺ​ជា​ចំណុច​ផ្លាស់​ប្តូរហើយ។

មតិយោបល់