Conte អរគុណ​អ្នក​គាំទ្រ​ក្រោយ​ពី​ឈ្នះ West Brom!

Antonio Conte បាន​ថ្លែង​អំណរគុណ​ដល់​អ្នក​គាំទ្រ Chelsea ដែល​បាន​សម្តែង​ការ​គាំទ្រ​របស់​ពួកគេ​នៅពេល​ក្រុម​ទទួល​ជ័យ​ជម្នះ ៣-០ លើ West Brom នៅ​ទឹក​ដី Stamford Bridge កាល​ពី​យប់​ថ្ងៃ​ចន្ទ​នេះ​។

Conte មាន​សម្ពាធ​យ៉ាងខ្លាំង​នៅ​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ បន្ទាប់ពី​ក្រុម​ទទួល​បរាជ័យ​ជាប់ៗ​គ្នា​ក្រោម​ថ្វី​ជើង​របស់ Bournemouth និង Watford ហើយ​មនុស្ស​ជា​ច្រើន​រំពឹង​ថា​គាត់នឹង​ត្រូវ​គេ​បណ្តេញ​ចេញ​ជា​មិន​ខាន​។

ប៉ុន្តែ អ្នក​គាំទ្រ​បាន​បង្ហាញ​ពី​អារម្មណ៍​គាំទ្រ​របស់​ពួកគេ​យ៉ាង​ច្បាស់​លាស់​ត្រឹម​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​បន្ទាប់​ពី​ការ​ប្រកួត​រវាង Chelsea និង Baggies ចាប់​ផ្តើម តាម​រយៈ​ការ​ស្រែក​ឈ្មោះ​របស់ Conte អំឡុង​រយៈពេល ៩០ នាទី។

បន្ទាប់​មក Conte បាន​ថ្លែង​អំណរ​គុណ​ដល់​អ្នក​គាំទ្រ​សម្រាប់​ការ​គាំទ្រ​របស់​ពួក​គេ ហើយ​បាន​និយាយ​ថា​វា​បង្ហាញ​ថា​ពួក​គេ​ដឹង​នូវ «ការ​ប្តេជ្ញា​ចិត្ត» របស់​គាត់​ចំពោះ​ក្លឹប​នេះ​។

Conte បាន​និយាយ​ថា «ប្រាកដ​ណាស់​ថា​ខ្ញុំ​ត្រូវ​អរគុណ​ដល់​អ្នក​គាំទ្រ​។ ពួកគេ​បាន​បង្ហាញ​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​ខ្ញុំ ព្រោះ​ខ្ញុំ​គិតថា​ពួកគេ​បាន​ដឹង​អំពី​ការ​មន្ទិល​សង្ស័យ និង​ពាក្យ​ចចាម​អារ៉ាម​ទាក់ទង​នឹង​ការ​ចាកចេញ​របស់​ខ្ញុំ»។

«ប្រាកដ​ណាស់​ថា​ខ្ញុំ​ពិត​ជា​ដឹង​គុណ​ដល់​អ្នក​គាំទ្រ​ដែល​គាំទ្រ​ខ្ញុំ​ដោយ​របៀប​នេះ។ វា​មានន័យ​ថា ក្នុង​រយៈពេល ១៨ ខែ​រួមគ្នា​នេះ ពួកគេ​ប្រហែល​ជា​យល់​អំពី​ការ​ប្តេជ្ញា​ចិត្ត និង​ឆន្ទៈរបស់​ខ្ញុំ​ក្នុងការ​ការពារ​ពណ៌ អាវ និង​ផ្លាក​សញ្ញា​របស់​ក្រុម​នេះ។ ខ្ញុំ​ចង់​អរគុណ​ដល់​ពួក​គេ»។

«ការ​ទទួល​បាន​អារម្មណ៍​ក្នុង​បរិយាកាស​បែប​នេះ​នៅ​ជុំវិញ​ខ្ញុំ​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​។ វា​សំខាន់​ខ្លាំង​ណាស់​ដែល​ដឹង​ថា​មាន​មនុស្ស​ជា​ច្រើន​គាំទ្រ​ការងារ​របស់​ខ្ញុំ​នៅ Chelsea»។

«ពិត​ណាស់ សម្រាប់​ខ្ញុំ​វា​សំខាន់​ណាស់​។ ខ្ញុំ​សូម​និយាយ​ម្តង​ទៀត៖ ខ្ញុំ រួម​ជាមួយ​កូន​ក្រុមរបស់​ខ្ញុំ​កំពុង​ព្យាយាម​អស់​ពី​សមត្ថភាព​ក្នុង​ការ​ផ្តល់​នូវ​ការពេញ​ចិត្ត​ដ៏​ប្រសើរ​បំផុត​ដល់​ពួកគេ​។ ទោះបី​ពេល​ខ្លះយើង​អាច​ធ្វើ​វា​បាន ហើយ​ពេល​ខ្លះ​យើង​មិនអាច​ធ្វើ​បាន​ក៏​ដោយ ប៉ុន្តែ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​នៅ​តែ​មាន​ជា​និច្ច​»។

ពីរគ្រាប់​របស់ Eden Hazard និង​មួយ​គ្រាប់​របស់ Victor Moses បាន​ធ្វើ​ឲ្យ​ក្រុម​តោខៀវ​ទទួល​ជ័យ​ជម្នះ​ក្នុង​លទ្ធផល ៣-០ ហើយ​បើ​ទោះបី​ជា​ឈ្នះ​ក៏​ដោយ ក៏ Conte បាន​និយាយ​ថា នៅមាន​ចំណុច​ជា​ច្រើន​ដែល​កូន​ក្រុម​របស់​គាត់​គួរ​តែ​ធ្វើ​បាន​ល្អ​ជាង​នេះ។

ហើយ​បើ​ទោះបី​ជា​ឈ្នះ​ក៏​ដោយ ក៏ Conte បាន​និយាយ​ថា នៅមាន​ចំណុច​ជា​ច្រើន​ដែល​កូន​ក្រុម​របស់​គាត់​គួរ​តែ​ធ្វើ​បាន​ល្អ​ជាង​នេះ។

Conte បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា យើង​គួរតែ​ពេញចិត្ត​នឹង​ជ័យ​ជម្នះ​បី​ពិន្ទុ​នេះ។ ពិត​ណាស់ ខ្ញុំគិត​ថា​យើង​សម​តែ​លេង​បាន​ល្អ​ជាង​នេះ​។ យើង​អាច​លេង​ប្រកប​ដោយ​ទំនុក​ចិត្ត​ខ្ពស់​ជាង​នេះ»។

«ក្រោយពី​បរាជ័យ​ពីរ​លើក​រួច​មក ខ្ញុំ​គិតថា​ទំនុក​ចិត្ត​របស់​យើង​បាន​ធ្លាក់​ចុះ។ យើង​មាន​ការលំបាក​បន្តិច​នៅពេល​ចាប់​ផ្តើម​ការ​ប្រកួត​ដំបូង​។ បន្ទាប់​មក នៅពេល​ដែល​យើង​ស៊ុត​បញ្ចូល​ទី យើង​បាន​ធ្វើការ​គ្រប​ដណ្តប់​លើ​គូ​ប្រកួត គ្រប់​គ្រង​លើ​ប្រ​កួត ព្រម​ទាំង​បង្កើត​ឱកាស​ជា​ច្រើន​ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រកួត​ប្រសើរ​ឡើង​»។

«វាគឺ​ជា​រឿង​ល្អ​ដែល​ឃើញ​ទឹក​ចិត្ត​ក្នុង​ការ​ប្រកួត ឆន្ទៈ​ក្នុងការ​ដណ្តើម​យក​បី​ពិន្ទុ​។ វា​សំខាន់​ណាស់​ដែល​យើង​អាច​ឈ្នះ ដោយ​មិន​ឲ្យ​គេ​រក​គ្រាប់​បាល់​បាន​។ ពេល​នេះ យើង​ត្រូវ​បន្ត​អនុវត្ត​តាម​វិធី​នេះ​ទៀត​»។

 

មតិយោបល់