Ki របស់ Swansea ថា Son ជា​កីឡាករ​ដ៏​ឆ្នើម​ម្នាក់​នៅ Spurs!

ខ្សែ​បម្រើ​របស់ Swansea កីឡាករ Ki Sung-yeung យល់​ថា មិត្តរួម​ជាតិ​របស់​គាត់ Son Heung-min មិន​ទទួល​បានការ​ទទួល​ស្គាល់​ដែល​គាត់​ស័ក្តិ​សម​នឹង​ទទួល​បាន​នៅក្នុង​ក្របខណ្ឌ Premier League នៅ​ឡើយ​ទេ បើទោះ​បី​ជា​រូបគាត់​កំពុង​តែ​ឡើង​ជើង​បន្ទាប់​ពី​រកគ្រាប់​បាល់​បាន​លើស ២០ គ្រាប់​ក្នុង​ពីរ​រដូវកាល​ជាប់​គ្នា​នេះ​ក៏​ដោយ​។

Son ស៊ុត​បញ្ចូល​ទី​បាន ៧ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ៤ លើក​ចុងក្រោយ​របស់​គាត់​សម្រាប់ Tottenham ដោយ​ទទួល​បាន​គ្រាប់​បាល់​សរុប​ដល់​ទៅ ១៨ គ្រាប់​នៅ​រដូវ​កាល​នេះ ហើយ Ki បាន​ទទូច​ថា គាត់​សមតែ​ទទួល​បាន​ការទទួល​ស្គាល់​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដូច Harry Kane និង Dele Alli ផង​ដែរ ខណៈ​ពួកគេ​បាន​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការរីក​ចម្រើន​របស់ Spurs ក្រោម​ការ​ដឹក​នាំ​របស់ Mauricio Pochettino ។

ប្រធាន​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​រូបនេះ​បាន​ប្រាប់​អ្នក​សារព័ត៌​មាន​មុន​ការ​ប្រកួតមិត្តភាព​នៅ​ថ្ងៃ​សៅរ៍​ជាមួយ​នឹង Northern Ireland ថា៖ «សម្រាប់​ខ្ញុំ គាត់​គួរតែ​ទទួល​បានកិត្តិយស​ច្រើន​ជាង​នេះ។ ខ្ញុំ​មិន​និយាយ​ថា Harry Kane និង Dele Alli មិន​ល្អ​ដូច Son ទេ។ ពួកគេ​គឺ​ជា​កីឡាករ​កំពូលៗ​ទាំងអស់​គ្នា ប៉ុន្តែ​ខ្ញុំ​គិត​ថា Son គួរតែ​ទទួល​បាន​ការ​ទទួលស្គាល់​បន្ថែម​ទៀត​សម្រាប់​ខ្ញុំ​»។

«ទម្រង់​លេង​របស់​គាត់​នៅ​រដូវកាល​នេះ​ពិត​ជា​អស្ចារ្យ​ណាស់​។ គ្រប់គ្នា​ដឹង​ថា​គាត់​លេង​បាន​យ៉ាង​ល្អ​នៅ​ក្នុង​ការប្រកួត ហើយ​គាត់​រក្សា​ទម្រង់​លេង​បាន​យ៉ាង​ប្រសើរ​នៅ​គ្រប់​ការប្រកួត​ហើយ​ថែម​ទាំង​រកគ្រាប់​បាល់​បាន​ជា​ច្រើន​សម្រាប់ Spurs ទៀត​ផង ដែល​នេះ​មិនមែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ»។

«ចាប់តាំង​ពី​រដូវកាល​មុន​រហូត​មក​ដល់​ពេល​នេះ គាត់​បាន​បង្ហាញ​អំពី​សមត្ថភាព​របស់​គាត់ក្នុង​នាម​ជា​កីឡាករ​លំដាប់​កំពូល​នៅ​ក្របខណ្ឌ Premier League ។ ខ្ញុំ​មិន​និយាយ​បែប​នេះ ដោយសារ​គាត់​ជា​ជនជាតិ​អាស៊ី​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​គិតថា​គាត់​គួរតែ​ទទួល​បាន​កិត្តិយស​បន្ថែមទៀត​។ គាត់​ត្រូវតែ​បង្ហាញ​ខ្លួន​ច្រើន​ជាង​មុន​នៅ​ក្នុង​កាសែត​»។

«គាត់​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​សំខាន់ៗ​សម្រាប់ Tottenham ហើយ​ការ​រក្សា​ទម្រង់​លេង​ល្អបែប​នេះ​វា​មិនមាន​ជា​រឿង​ងាយ​ស្រួល​សម្រាប់​កីឡាករ​គ្រប់​គ្នា​នោះ​ទេ។ ជួន​កាល អ្នក​អាចនឹង​រង​របួស។ ពេល​ខ្លះ​អ្នក​មាន​ភាព​នឿយ​ហត់ ប្រសិនបើ​អ្នក​លេង​ឲ្យ​ក្រុម​ប្រភេទ​នេះ ប៉ុន្តែគាត់​នៅតែ​រកគ្រាប់​បាល់​បាន​ដដែល និង​អាច​រក្សា​ទម្រង់​លេង​របស់​គាត់​បាន​ល្អ​ជា​និច្ច សូម្បីតែ​សម្រាប់​ក្រុម​ជម្រើស​ជាតិ»។

 

មតិយោបល់