Ronaldo កោត​សរ​សើរ​ដល់​កាយវិការ​របស់​អ្នក​គាំ​ទ្រ Juventus!

តារា​ឆ្នើម Cristiano Ronaldo របស់ Real Madrid បាន​ថ្លែង​អំណរ​គុណ​ដល់​អ្នក​គាំទ្រ​របស់ Juventus ដែល​បាន​សម្តែង​ការ​អបអរសាទរ​ដល់​គាត់ បន្ទាប់ពី​ការ​ទាត់​បាល់​បក​ក្រោយបញ្ចូល​ទី​របស់​គាត់​ជួយ​ឲ្យ Real ទទួល​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល ៣-០ កាល​ពី​ថ្ងៃ​អង្គារ​។

ក្រុម Los Merengues (Real) បាន​ឈាន​មួយ​ជំហាន​ឆ្ពោះ​ទៅកាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្រប​ខណ្ឌ UEFA Champions League តាម​រយៈ​ការ​បំបាក់ Juventus ក្នុង​លទ្ធផល ៣-០ នៅ​កីឡដ្ឋាន Allianz ដោយ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ពីរគ្រាប់​ពី Ronaldo និង​មួយគ្រាប់​ពី Marcelo ។

ទោះបី​ជា​យ៉ាងណា​ក៏​ដោយ ពេល​ដែល​ជក់ចិត្ត​បំផុត​នៃ​ការប្រកួត​គឺ​នៅ​ក្នុង​នាទី​ទី ៦៤ នៅពេល​ដែល Ronaldo បាន​ហក់​ទាត់​បាល់​បកក្រោយ​បញ្ចូល​ទី​យ៉ាង​អស្ចារ្យ ដើម្បី​ជួយ​ឲ្យ Real Madrid នាំមុខ​គ្រាប់​បាល់​ទី​ពីរ ដែល​ធ្វើឲ្យ​អ្នក​គាំទ្រ​របស់​ក្រុម Bianconeri (Juven) ក្រោក​ឈរ​ឡើង ហើយ​ផ្តល់​ការ​អបអរសាទរ​ដល់​កីឡាករ​វ័យ ៣៣ ឆ្នាំ​រូប​នេះ​។

Ronaldo មាន​អារម្មណ៍​រំភើប​ចំពោះ​កាយវិការ​នេះ​ណាស់ ហើយ​បាន​ថ្លែង​អំណរ​គុណ​ដល់អ្នក​គាំទ្រ​ក្រោយ​ពី​ចប់​ការប្រកួត ដោយ​បាន​ប្រាប់​គេហទំព័រ​ផ្លូវការ​របស់ UEFA ថា៖ «វា​គឺ​ជាពេល​វេលា​មួយ​ដ៏​អស្ចារ្យ​បំផុត​»។

«ខ្ញុំ​ត្រូវតែ​អរគុណ (Grazie) ដល់​អ្នក​គាំទ្រ​ទាំង​អស់​របស់ Juventus ។ អ្វី​ដែល​ពួកគេ​បាន​ធ្វើចំពោះ​ខ្ញុំ​គឺ​ពិតជា​ពិសេស​ខ្លាំង​ណាស់​»។

«ទិដ្ឋភាព​នេះ​មិន​ធ្លាប់​កើតឡើង​នៅ​ក្នុង​អាជីព​របស់​ខ្ញុំ​ទេ​រហូត​មក​ទល់​ពេល​នេះ ប៉ុន្តែ​ខ្ញុំ​ពិតជា​រីករាយ​ខ្លាំង​ណាស់​»។

មតិយោបល់