Robben ថា គាត់ស្ទើរនឹងក្លាយជាកីឡាកររបស់ Man Utd ទៅហើយ!

Arjen Robben បាន​និយាយ​ថា គាត់​បម្រុង​នឹង​ផ្ញើ​អនាគត​របស់​គាត់​លើ Manchester United ទៅ​ហើយ នៅពេល​ដែល​គាត់​បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អង់គ្លេស​ដើម្បី​ជួបអតីត​គ្រូ​បង្វឹក​របស់​ក្លឹប​លោក Sir Alex Ferguson កាល​ពី​ឆ្នាំ ២០០៣។

Robben បាន​ប្រាប់​ថា គាត់​បាន​ទៅកាន់​ប្រទេស​អង់គ្លេស ដើម្បី​ពិភាក្សា និង​ទទួល​ទានអាហារ​ពេល​ល្ងាច​ជាមួយ​លោក Ferguson ប៉ុន្តែ​ការចរចា​មិន​បាន​សម្រេច​ឡើយ​។

កីឡាករ​ជម្រើស​ជាតិ​ហូឡង់​រូបនេះ​បាន​និយាយ​ថា នៅពេល​នោះ​គាត់ពិត​ជា​ជឿជាក់​ណាស់​ថា​គាត់​នឹងបាន​ចូល​រួម​ជាមួយ Man Utd ហើយ​ចាប់​ដៃ​គូលេង​ជាមួយ​កីឡាករ​វ័យ​ក្មេង Cristiano Ronaldo ។

បន្ទាប់ពី​ការចរចា​នេះ​ត្រូវ​បាន​បរាជ័យ​មក អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ហូឡង់​រូបនេះ​ក៏បាន​ទៅ​ចាប់​អាជីព​ដ៏​ជោគជ័យ​ជាមួយ Chelsea ក្រោម​ការ​ដឹកនាំ​របស់ Jose Mourinho ។

Robben បាន​ប្រាប់​ទស្សនា​វដ្តី FourFourTwo ថា៖ «ខ្ញុំ​បាន​ធ្វើការ​សន្ទនា​យ៉ាង​រលូន​ជាមួយ​គាត់ [Ferguson] ពេល​ទទួល​ទាន​អាហារពេល​ល្ងាច​នៅ​ទីក្រុង Manchester ហើយ​យើងបាន​និយាយ​រឿង​ជា​ច្រើន​អំពី​បាល់ទាត់ និង​ជីវិត»។

«ខ្ញុំ​ក៏​បាន​ទៅមើល​ទីលាន​ហ្វឹក​ហាត់ ហើយ​ខ្ញុំ​ពេញ​ចិត្ត​អ្វីៗ​គ្រប់​យ៉ាង​ទាំង​អស់​នៅ​ទី​នោះ ប៉ុន្តែ​បន្ទាប់​ពី​ខ្ញុំ​បាន​ត្រឡប់​ទៅកាន់​ក្លឹប PSV វិញ គ្មាន​ដំណឹង​អ្វី​កើត​ឡើង​ឡើយ​»។

«មិនមាន​កុងត្រា​ជាក់​លាក់​ដែល​ត្រូវបាន​ធ្វើ​ឡើង​ទេ ហើយ​ការចរចា​ក៏​មិន​បាន​សម្រេច​ដែរ។ នៅ​ពេល​នោះ PSV ក៏​កំពុង​តែ​ធ្វើការ​ចរចា​ជាមួយ​នឹង Chelsea ផង​ដែរ ដូច្នេះ​ប្រហែល​ជា​ពួកគេ​បាន​ផ្តល់​សំណើ​ដល់ PSV នូវ​ចំនួន​ទឹក​ប្រាក់​ច្រើន​ជាង​ហើយ​។ ខ្ញុំក៏​មិន​ដឹង​ដែរ»។

«ខ្ញុំ​បាន​ជួប​ជាមួយ Chelsea ហើយ​ខ្ញុំ​ពេញចិត្ត​នឹង​គម្រោង​របស់​ពួក​គេ​។ យើង​ជួបគ្នា​តែមួយ​លើក​ប៉ុណ្ណោះ ហើយ​អ្វីៗ​គ្រប់​យ៉ាង​ត្រូវ​បាន​សម្រេច​យ៉ាង​ឆាប់​រហ័ស​»។

«ប្រសិន​បើ Manchester United ផ្តល់​សំណើ​ក្នុងការ​ចុះ​កុងត្រា​ដល់​ខ្ញុំ​ភ្លាម បន្ទាប់​ពី​ខ្ញុំ​បានជួប​ពួកគេ​នោះ ខ្ញុំ​នឹង​យល់ព្រម​ជាមួយ​ពួក​គេ ប៉ុន្តែ​វា​មិន​បាន​កើត​ឡើង​នោះ​ទេ ហើយ​ខ្ញុំ​ក៏មិន​មាន​ការ​សោក​ស្តាយ​ដែរ​»។

មតិយោបល់