Juventus អាច​ត្រូវ​ប្រកួតជើងទីមួយជាមួយ Real ​ដោយ​បាត់​កីឡាករ​ជម្រើស​ដំបូង​ពាក់កណ្តាល

ការត្រៀម​លក្ខណៈរបស់​លោក​ Massimiliano Allegri សម្រាប់​ការ​ជួប​តទល់​ជាមួយ​នឹង​ក្រុម​ខ្លាំង​ Real Madrid ក្នុង​ការប្រកួត Champions League ​ជើង​ទីមួយ​វគ្គ​ ៨ ក្រុម​ចុងក្រោយ នៅ​មិន​ទាន់​ប្រាកដ​តាម​ផែន​ការ​នោះឡើយខណៈដែល​កីឡាករ​សំខាន់ៗ​របស់​គាត់​កន្លះ​តារាង​អាច​នឹង​ខកខាន​ដោយ​សារនបញ្ហា​របួស។

គ្រូបង្វឹក​ក្លិប​អ៊ីតាលី​រូប​នេះ​ដឹង​យ៉ាង​ច្បាស់​ហើយ​ថា លោក​មិន​អាច​រំពឹង​លើ​ Medhi Benatia ឬ Miralem Pjanic បាន​នោះទេ​ព្រោះ​ថា​ពួកគេ​ទាំងពីរ​ត្រូវ​ត្រៀម​សម្រាប់​ជំនួប​តទល់​ជាមួយ​ក្រុម Tottenham ហើយ​ដែល​ពេល​នេះ​ក៏កំពុង​រង់ចាំ​ឲ្យ​ចប់​​ការដាក់​ពិន័យ​​ព្យូរ​ការ​ប្រកួត ដោយ​សារ​តែ​ទទួលបាន​កាត​លឿង​ម្នាក់​បី​ក្នុង​ការ​ប្រកួត​ Champion League កន្លងមក ស្របពេល​ដែល Alex Sandro ដែល​ជាខ្សែការពារ​​របស់​ក្លឹបឯនោះ​វិញ​​ក៏​កំពុង​មាន​របួសដែរ។

Juventus ពេល​ប្រកួត​ក្របខ័ណ្ឌ​ serie A ទល់​នឹង​ Spal កាលពីថ្ងៃទី ១៧ មីនា កន្លងទៅ

ងាកមក Giorgio Chiellini ឯនេះវិញ​ក៏​ត្រូវ​សម្រាក​ពី​ក្លឹប​ដើម្បី​ព្យាបាល​របួស​ដែរ តែ​នៅ​មាន​សង្ឃឹម​ថា​អាច​ជា​ត្រឡប់​មក​វិញ​ទាន់​ការ​ប្រកួត​ជាមួយ Real ក្នុង​ជើង​ទីមួយ​ ហើយ​ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅទីក្រុងទូរីន មួយ​នេះបញ្ជាក់​ថា របួសរបស់​កីឡាករ​រូប​នេះ​មិន​សូវ​ធ្ងន់​ធ្ងរប៉ុន្មានទេ ប៉ុន្តែ​លោក​ Allegri មិនទាន់ប្រាកដ​ថា​កីឡាករ​ខ្សែការពារ​រូបនេះ​អាច​នឹង​ជាសះស្បើយ​ទាន់​ពេល​ ឬ យ៉ាងណា​នោះឡើយ។

ប៉ុណ្ណឹងហើយ​នៅ​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​លោក Allegri ទៀត​ ដោយ​ កីឡាករ​ Sami Khedira ក៏​រងរបួស​ជង្គង់​ដែរ​ក្នុងការ​​ប្រកួត​ដែល​ អាល្លឺម៉ង់ ស្មើ អេស្ប៉ាញ​ ១-១ នោះ​។

ដោយ​និយាយ​ស្រដៀង​គ្នា​នឹង​ Chiellini ដែរ ​កីឡាករ​ អាល្លឺម៉ង់រូប​នេះ បាន​បង្ហោះសារ​នៅលើបណ្តាញទំនាក់​ទំនង​សង្គមប្រាប់អ្នកគាំទ្រ​​ថា របួសរបស់គេ​មិន​ធ្ងន់​ធ្ងរទេ។

ទោះ​ជាបែបណាក្តី ប្រសិន​ជា​ទាំង Chiellini ទាំង​ Khedira ត្រូវ​ចូលរួម​ជាមួយ​នឹង​ Sandro Benatia និង​ Pjanic អង្គុយ​​លើ​បង់​មើលការ​ប្រកួត​មែន នោះ​ Juventus ត្រូវបាត់​កីឡាករ​ជម្រើស​ ១១ នាក់​ដំបូង​ចំនួន​ប្រាំនាក់​ហើយ ដែល​មិន​មែន​ជារឿង​​ល្អសម្រាប់​ក្រុម​របស់​លោក Allegri ឡើយ។ យើង​នឹង​រង់ចាំ​មើល​ជាក់​ស្តែង​នៅ​ថ្ងៃនោះ​ទាំងអស់​គ្នា។

សូមបញ្ជាក់​ផង​ដែរថា Juventus នឹង​ត្រូវប៉ះ Real ក្នុង​ការប្រកួត​ជើង​ទី១ នេះ​នៅថ្ងៃទី ៣ មេសា ២០១៨ ខាងមុខ​នេះ ចំណែក​ការពិន័យ​ព្យូរការ​ប្រកួត​សម្រាប់ Medhi Benatia និង​ Miralem Pjanic ពីការ​​ទទួលបានកាតលឿងម្នាក់​បី​នោះ​នឹងចប់​នៅ​ថ្ងៃទី ៥ មេសា ឯណោះ។

មតិយោបល់