McGregor ‘ត្រូវបានដកចេញពី UFC 219’

មានសេចក្តីរាយការណ៍ក្រោយចប់ការប្រកួតរបស់ Conor McGregor ក្នុងសង្វៀនប្រាំបីបានឲ្យដឹងថា កីឡាករប្រដាល់សញ្ជាតិអៀរឡង់នេះ​ត្រូវបាន​ព្យួរការប្រកួតក្រោយ ហើយរូបគេនឹងមិនបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ UFC 219 ដែលនឹងប្រព្រឹត្តទៅថ្ងៃទី ៣០ ធ្នូ ខាងមុខ ដែល​បានគ្រោង​ទុកនេះទេ។

បន្ទាប់ពីមិត្តរួមក្រុមរបស់ខ្លួន Charlie Ward យកឈ្នះលើគូប្រកួតឈ្មោះ John Redmond កាលពីថ្ងៃសុក្រ McGregor បានស្ទុះចូលទៅក្នុងទ្រុង​ដើម្បី​អបអរសាទរ។ នៅពេលដែលអជ្ញាកណ្តាលលោក Marc Goddard ធ្វើអន្តរាគមន៍លើសិទ្ធិចូលក្នុងសង្វៀន (McGregor មិនមែនជាអ្នកឲ្យទឹកដែល​ទទួល​​បានសិទ្ធិ ហើយរូបគាត់មិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងសង្វៀនឡើយ) McGregor បានរុញលោកអាជ្ញាកណ្តាលមួយទំហឹង នឹងព្យាយាមដាល់​ទៅ​លើផ្ទៃមុខរបស់គាត់ទៀតផង។

នៅក្នុងឈុតឆាកដ៏ឆ្គួតលីលានេះ McGregor ត្រូវបានគេក្រៀកចេញពីសង្វៀនទ្រុង។ ក្រោយមកគាត់ព្យាយាមលោតស្រវាមកក្រោយវិញ និងបាន​ទះ​​ Mike Johnson ដែលបុគ្គលិករបស់ Bellator មួយដៃចំមុខពេលកំពុងតែប្រទុស្តរាយនោះ។

ជើងឯកងទម្ងន់ស្រាលរូបនេះមិនទាន់ទទួលបានការពិនិយជាផ្លូវការនៅឡើយទេ ប៉ុន្តែអ្នកអនុវត្តបទបញ្ជានៃព្រឹត្តិការណ៍​បាន​បញ្ជាក់ថា​ UFC បានទាក់​ទង​ទៅគាត់ និងបានប្រាប់គាត់ថា តារារូបនេះត្រូវបានដកចេញពីការប្រកួត UFC 219 ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៣០ ធ្នូខាងមុខនេះ។ ប្រសិន​បើនេះ​ជារឿងពិត វាគឺជារឿងមួយគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់។

Mike Mazzulli គឺជាប្រធានសមាគមនគណៈកម្មការកីឡាប្រដាល់ និងកីឡាប្រយុទ្ធ (ABC) និងជាប្រធាននាយកដ្ឋានបទបញ្ញត្តិអត្តពលិកនៃ Mohegan Tribe ។ គាត់គឺជាអ្នកដឹកនាំលើការអនុវត្តបទបញ្ញត្តិកាលពីរាត្រីថ្ងៃសុក្រ ដែលមានកើតរឿងចម្រូងចម្រាស់នៅ Bellator ។ Bellator ឧស្សាហ៍នាំគាត់ចេញក្រៅប្រទេស ដើម្បីធ្វើការត្រួតពិនិត្យប្រតិបត្តិការបទបញ្ញត្តិក្នុងប្រទេសនានាដែលមិនមានគណៈកម្មការ។

គាត់បាននិយាយថា “លោក McGregor មិនមានអ្វីធំជាង MMA នោះទេ។ យើងទាំងអស់គ្នាដឹងអស់ហើយអំពីរឿងនេះ។”

“Mr. McGregor ប្រហែលជាមិននៅទីនេះទៀតទេអំឡុងពេលប្រហែលប្រាំឆ្នាំខាងមុខ ប៉ុន្តែ MMA នឹងនៅទីនេះជានិច្ច។ ខ្ញុំគិតថាវាជាការសំខាន់​ដែល​ត្រូវ​យល់ដឹងជាចម្បងអំពីសុវត្ថិភាពចំពោះកីឡាករប្រដាល់ ដែលនេះគឺជារឿងដែលយើងត្រូវយកចិត្តទុកដាក់ខ្លាំងបំផុតជុំវិញពិភពលោក ពីព្រោះ​ថា​បើគ្មានសុវត្ថិភាពសម្រាប់កីឡាករទេ កីឡានេះមិនអាចឈានទៅរកការអភិវឌ្ឍន៍ពីមួយកម្រិតទៅមួយកម្រិតបានទេ។

“ក្រោយហេតុការណ៍នេះកើតឡើង ខ្ញុំទទួលបានការទាក់ទងពី UFC ប្រមាណជាពីរម៉ោងក្រោយហេតុការណ៍កើតឡើង។ ពួកគេបានប្រាប់ខ្ញុំថា​អ្វី​ដែល​ពួកគេមើលឃើញគឺមិនសមភ្នែកទាល់តែសោះ ហើយពួកគេនឹងចាត់វិធានការណាមួយ។ ពួកគេបានប្រាប់ខ្ញុំថា McGregor បានកំណត់ពេល​ជាស្រេច​ដើម្បីប្រកួតនៅថ្ងៃទី ៣០ ធ្នូ។ ដូច្នេះខ្ញុំបានបង្គាប់ទៅ UFC ឲ្យចាត់វិធានការលើរូបគាត់។

“ខ្ញុំត្រឡប់មកនិយាយពីសុវត្ថិភាពចំពោះកីឡាករវិញ។ ចុងក្រោយ លោក Redmond  ដួលសន្លប់ គាត់មានសភាពធីងធោង ហើយពួកយើងគ្មានឱកាស​ក្នុងការចូលទៅសង្គ្រោះគាត់ទេ ពីព្រោះ McGregor ចូលទៅអុកឡុកពេញសង្វៀន និងបានប្រទុសហិង្សាលើលោក Goddard ក៏ដូចជាបុគ្គលិក​របស់ Bellator ផងដែរ។ ទាំងនេះគឺជាសកម្មភាពដែលមិនអាចទទួលយកបានទាល់តែសោះ។”

មិនមែនជារឿងចម្លែកទេដែលគេឃើញវត្តមានរបស់ McGregor ក្នុងហេតុការណ៍ក្រោយការប្រកួតនោះ ជាក់ស្តែងក្នុងការប្រកួតដែលមិនមានជារបស់​គាត់​។ ថ្មីៗនេះ អ្នកប្រដាល់សញ្ជាតិអៀរឡង់បានរត់ជុំវិញសង្វៀនប្រាំបីជ្រុង និងព្យាយាមឲ្យទឹកដល់មិត្តរួមក្រុម Artem Lobov ក្នុងការប្រកួត UFC Fight Night 118 មុនពេលដែលគាត់ត្រូវបានបណ្តេញចេញដោយអាជ្ញាកណ្តាលដដែលនេះ។

មតិយោបល់