ឡុង​ សុវណ្ណឌឿន​ សន្លប់​ធំ​ក្រោម​ថ្វី​ដៃ​ Sainsatharn​ ត្រឹម​ទឹក​ទី១​ នៅ​ Thai Fight

អតីតម្ចាស់ខ្សែក្រវ៉ាត់ស៊ីម៉ង់ភ្នំ​ ឡុង​ សុវណ្ណឌឿន​ ពិតជាមិនអាចសងសឹកអោយសិស្សប្អូន​ ឡុង​ សុភី​ បាន​ ដោយត្រូវអ្នកប្រដាល់ថៃ​ Sainsatharn​ វាយអោយសន្លប់ត្រឹមទឹកទីមួយ​ នៅកម្មវិធី​ Thai Fight កាលពីយប់ថ្ងៃទី២៤​ ខែមីនាកន្លងទៅ។

ការប្រកួតដែលរុំដៃនិងអំបោះឆៅនេះ​ សុវណ្ណឌឿន​ កញ្រ្ចោលហក់ទៅវាយដៃគូគ្មានញញើតឡើយ​។ ប៉ុន្តែភាពភ្លាត់ស្នៀត​បន្តិច​ ក៏ត្រូវថៃពុះកែងចាំចុងចិញ្ចើមខាងឆ្វេងបណ្តាលអោយដួល​ និងត្រូវអជ្ញាកណ្តាលរាប់ដល់៨។ បន្តក្រោកមកភ្លាម​ អ្នកប្រដាល់ដែលគេស្គាល់ថា​ជាពិធីករប្រដាល់នៅ​ CTN បានស្ទុះទៅវាយដៃគូបន្ត​ ប៉ុន្តែគេបែរជាត្រូវថៃវាយសន្លប់ធំក្រោកលែងរួចតែម្តង។

ថ្វីបើកម្រិតខុសគ្នាឆ្ងាយ​ ប៉ុន្តែសុវណ្ណឌឿនពុំបានបង្ហាញភាពទន់ខ្សោយលើសង្វៀនឡើយ។ នៅសង្វៀន​ Thai Fight​ឯក្រៅប្រទេស មានអ្នកប្រដាល់កម្ពុជាតែ២រូបគត់គឺ​ សេន​ ប៊ុនថេន​ និង​ កែវ​ រំចង់​ ដែលស្គាល់ពាក្យថាឈ្នះ​។ ក្រៅពីនោះអ្នកប្រដាល់កម្រិតគ្មានគូប្រកួតជាច្រើនដូចជា​ វង្ស​ ណយ​ ពេជ្រ​ សីហា​ ឡុង​ សុភី​ អ៊ុង​ វិរៈ​ ផាន់​ គ្រាន់​ សុខ​ ទូ​ សុទ្ធតែស្ពាយបរាជ័យមក

មតិយោបល់